រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បាននិយាយកាលពីថ្ងៃអាទិត្យ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយបង្ហើបកាលពីសប្តាហ៍មុនអំពីការចរចាដ៏មានសក្តានុពលថា វិធីសាស្រ្តបច្ចុប្បន្នរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះទីក្រុងតេអេរ៉ង់ ពុំបានបង្ហាញពីការត្រៀមខ្លួនណាមួយសម្រាប់ «ការចរចាដោយស្មើភាព និងយុត្តិធម៌ទេ» ។

បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់កាលពីខែមិថុនា ដែលត្រូវបានចូលរួមដោយការវាយប្រហាររបស់សហរដ្ឋអាមេរិកលើទីតាំងរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ បំណងក្នុងការបន្តកិច្ចសន្ទនាស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ បានបរាជ័យ។

សហរដ្ឋអាមេរិក សម្ព័ន្ធមិត្តអឺរ៉ុប និងអ៊ីស្រាអែល បានចោទប្រកាន់ទីក្រុងតេអេរ៉ង់ថាបានប្រើប្រាស់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាការបិទបាំងសម្រាប់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពផលិតអាវុធ។ អ៊ីរ៉ង់និយាយថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនគឺសម្រាប់តែគោលបំណងដោយសន្តិវិធីប៉ុណ្ណោះ។
ទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន បានឆ្លងកាត់ការចរចានុយក្លេអ៊ែរដោយប្រយោលចំនួនប្រាំជុំ មុនសង្រ្គាមរយៈពេល១២ថ្ងៃ ប៉ុន្តែបានប្រឈមនឹងឧបសគ្គនានាដូចជាបញ្ហានៃការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមក្នុងស្រុក ដែលសហរដ្ឋអាមេរិកចង់ឱ្យប្រទេសអ៊ីរ៉ង់បោះបង់ចោល។