ប្រធានាធិបតីប្រទេសម៉ិកស៊ិក លោកស្រី ក្លៅឌៀ សេនបោម(Claudia Sheinbaum) បានថ្កោលទោសអំពើហិង្សាដែលបានផ្ទុះឡើងនៅក្នុងការដង្ហែក្បួនតវ៉ានៅទីក្រុង Mexico City ដោយប្រាប់ហ្វូងមនុស្សនៅទីនោះដែលត្រូវបានគេដកស្រង់សម្តីថា «ពុំចាំបាច់ប្រើអំពើហិង្សាសម្រាប់ការផ្លាស់ប្តូរទេ»។ មនុស្សរាប់ពាន់នាក់ បានចេញតវ៉ានៅទូទាំងប្រទេសម៉ិកស៊ិកក្រោមបដា «Gen Z» ដោយរិះគន់ការកើនឡើងអំពើហិង្សាបន្ទាប់ពីការសម្លាប់ជាសាធារណៈលើអភិបាលក្រុងប្រឆាំងឧក្រិដ្ឋកម្ម កាលពីដើមខែនេះ។

នៅទីក្រុង Mexico City ក្រុមបាតុករមួយក្រុមបានរុះរើរបងនៅជុំវិញវិមានជាតិ ដែលលោកស្រី Sheinbaum រស់នៅ បណ្តាលឱ្យមានការប៉ះទង្គិចគ្នាជាមួយនគរបាលបង្ក្រាបកុបកម្ម ដែលបានប្រើប្រាស់ឧស្ម័នបង្ហៀរទឹកភ្នែក។

រដ្ឋមន្ត្រីសុវត្ថិភាពសាធារណៈរបស់ទីក្រុង Mexico City លោក Pablo Vazquez បាននិយាយថា មន្ត្រីនគរបាលចំនួន១០០នាក់បានរងរបួស ក្នុងនោះ៤០នាក់ចាំបាច់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។ លោក Vazquez បានប្រាប់សារព័ត៌មានក្នុងស្រុកថា ជនស៊ីវិល២០នាក់ផ្សេងទៀតបានរងរបួស។
រដ្ឋមន្ត្រីសុវត្ថិភាពសាធារណៈក៏បាននិយាយថា មនុស្ស២០នាក់ត្រូវបានចាប់ខ្លួន។ ការដើរដង្ហែរក្បួនតវ៉ា ផ្សេងទៀតក៏បានធ្វើឡើងនៅក្នុងទីក្រុងនានានៅទូទាំងប្រទេសម៉ិកស៊ិក រួមទាំងនៅរដ្ឋ Michoacan ភាគខាងលិច ជាកន្លែងដែលកំហឹងបានផ្ទុះឡើងចំពោះឃាតកម្មកាលពីថ្ងៃទី១ ខែវិច្ឆិកា លើអភិបាលក្រុង Uruapan លោក Carlos Manzo ដែលត្រូវបានបាញ់សម្លាប់នៅក្នុងព្រឹត្តិការណ៍ Day of the Dead ជាសាធារណៈ។