បាល់ទាត់៖ ក្រុមនាគខៀវបឹងកេតបានបង្ហាញកីឡាករបរទេសទី៥ របស់ខ្លួនសម្រាប់ត្រៀមរដូវកាលថ្មីនៃលីគកំពូលកម្ពុជាឆ្នាំ២០២២ ហើយគឺខ្សែបម្រើសញ្ជាតិប្រេស៊ីល Alexandre Cardoso Garcia។ Alexandre Cardoso បានផ្ទេរមកបង្គ្រប់កូតាកីឡាករបរទេសបឹងកេត សម្រាប់ត្រៀមរដូវកាលថ្មី បន្ទាប់ពីអតីតក្រុមជើងឯក ៤សម័យនេះបាននាំចូលខ្សែការពារអ៊ីរ៉ង់ Taher Jahanbakhsh, ខ្សែបម្រើអាហ្វហ្គានីស្ថាន Mastafa Zazai និងខ្សែប្រយុទ្ធនីហ្សេរីយ៉ា Ajayi Opeyemi Korede បន្ថែមលើសមាជិកចាស់ ១រូបគឺខ្សែប្រយុទ្ធសញ្ជាតិកាមេរ៉ូន Abbee Hurber។
មុនផ្ទេរមកកម្ពុជាដើម្បីប្រឡូកក្របខណ្ឌ Cambodian Premier League កីឡាករវ័យ ២៩ឆ្នាំរូបនេះធ្លាប់មានបទពិសោធន៍ជោគជ័យនៅប្រទេសកំណើត និងបណ្ដាប្រទេសមួយចំនួន ដូចជាធ្លាប់លេងនៅលីគទី៣ នៃប្រទេសប្រេស៊ីល, លីគទី២ នៃប្រទេសព័រទុយហ្គាល់, លីគកំពូលអូម៉ង់ និងលីគកំពូលអារ៉ាប៊ីសាអូឌីតជាដើម ក្រោយចាប់ផ្ដើមអាជីពបាល់ទាត់កាលពីឆ្នាំ២០១០។ វត្តមានខ្សែបម្រើកម្ពស់ ១.៨២ម៉ែត្ររូបនេះក៏ធ្វើឲ្យអនាគតរបស់ខ្សែការពារ Anderson Zogbe ស្ថិតក្នុងភាពស្រពេចស្រពិលផងដែរ បន្ទាប់ពីរូបគេបានរងរបួសដាច់សរសៃជង្គង់ និងបានធ្វើការវះកាត់កាលពីរដូវកាលមុន ដែលមកទល់ពេលនេះមិនទាន់ត្រឡប់ចូលទីលានបានវិញនោះទេ។
តាមរយៈនេះគេមិនទាន់ដឹងថា បឹងកេតត្រូវចែកផ្លូវជាមួយខ្សែការពារសញ្ជាតិកូឌឺវ័ររូបនេះ ឬយ៉ាងណានោះទេ ដ្បិតកុងត្រារបស់ Anderson នៅសល់ ១រដូវកាលទៀត។ គួរបញ្ជាក់ថា ទីផ្សារដោះដូរកីឡាករនៃលីគកំពូលកម្ពុជាគ្រោងនឹងបិទបញ្ចប់នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខ ពោលគឺមុនបើកការប្រកួតរដូវកាលថ្មី ១០ថ្ងៃ ខណៈបឹងកេតនឹងត្រូវបើកទ្វារកីឡដ្ឋាន Cambodia Airway ស្វាគមន៍ក្រុមណាហ្គាវើលដ៏មុនគេនាថ្ងៃទី៥ ខែមីនាខាងមុខ៕
អត្ថបទ៖ លី ឈុនឡា