ប្រទេសជប៉ុនបានចាត់វិធានការ នៅថ្ងៃចន្ទ (ទី១៧ ខែវិច្ឆិកា) នេះ ដើម្បីកាត់បន្ថយជម្លោះការទូតដែលកំពុងកើនឡើងជាមួយប្រទេសចិន ជុំវិញបញ្ហាកោះតៃវ៉ាន់ ជាអ្វីដែលបានជំរុញឲ្យទីក្រុងប៉េកាំងប្រាប់ពលរដ្ឋរបស់ខ្លួនចៀសឆ្ងាយពីប្រទេសជិតខាងអាស៊ីបូព៌ាមួយនេះ។
ជម្លោះនេះបានផ្ទុះឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រី លោកស្រី Sanae Takaichi បានប្រាប់សមាជិកសភាជប៉ុនថា ការវាយប្រហាររបស់ចិនលើកោះតៃវ៉ាន់ដែលគំរាមកំហែងដល់ការរស់រានមានជីវិតរបស់ជប៉ុន អាចបង្កឲ្យមានការឆ្លើយតបខាងយោធា ជាសេណារីយោដែលរដ្ឋបាលមុនៗ បានគេចមិនពិភាក្សាជាសាធារណៈ ដើម្បីបញ្ចៀសការបង្កហេតុជាមួយទីក្រុងប៉េកាំងដែលអះអាងសិទ្ធិលើកោះស្វ័យគ្រប់គ្រងមួយនេះ។

បើតាមសេចក្ដីរាយការណ៍របស់ទូរទស្សន៍សាធារណៈ NHK បានឲ្យដឹងថា លោក Masaaki Kanai អគ្គនាយកនៃការិយាល័យអាស៊ី និងអូសេអានីនៃក្រសួងការបរទេសជប៉ុន នឹងជួបជាមួយសមភាគីចិន លោក Liu Jinsong។ លោក Kanai ត្រូវបានគេរំពឹងថា នឹងពន្យល់ថា ការអត្ថាធិប្បាយរបស់លោកស្រី Takaichi មិនមែនជាសញ្ញាផ្លាស់ប្តូរនៅក្នុងគោលនយោបាយសន្តិសុខរបស់ប្រទេសជប៉ុននោះឡើយ ហើយនឹងជំរុញឲ្យប្រទេសចិនកុំមាននូវវិធានការដែលអាចបំផ្លាញទំនាក់ទំនង រវាងទីក្រុងតូក្យូ និងទីក្រុងប៉េកាំង។
កោះតៃវ៉ាន់មានចម្ងាយជាង ១១០គីឡូម៉ែត្រ ពីបណ្ដុំកោះចុងភាគខាងលិចបំផុតរបស់ប្រទេសជប៉ុន និងនៅក្បែរផ្លូវសមុទ្រដ៏សំខាន់ដែលទីក្រុងតូក្យូពឹងផ្អែកលើការដឹកជញ្ជូនប្រេង និងឧស្ម័ន។ ជប៉ុនក៏ជាទីតាំងមូលដ្ឋានដែលប្រមូលផ្តុំកម្លាំងយោធាអាមេរិកច្រើនជាងគេបំផុត នៅក្រៅដែនដីសហរដ្ឋអាមេរិកផងដែរ។
នាយខុទ្ទកាល័យជប៉ុន លោក Minoru Kihara បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖ «បណ្តាញទំនាក់ទំនងផ្សេងៗ កំពុងបើកចំហ»។ លោកបានបន្ថែមថា៖ «ការព្រមានអំពីការធ្វើដំណើររបស់ប្រទេសចិន គឺមិនស៊ីគ្នានឹងទិសដៅដ៏ទូលំទូលាយនៃការលើកកម្ពស់ទំនាក់ទំនងជាយុទ្ធសាស្ត្រ និងផ្ដល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមកឡើយ។ យើងបានធ្វើនូវសំណើយ៉ាងម៉ឺងម៉ាត់ ដើម្បីឲ្យភាគីចិនចាត់វិធានការសមស្រប»។
ចំណែកលោកស្រី Takaichi អាចមានឱកាសជជែកដោយផ្ទាល់ជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Qiang នៅចុងសប្តាហ៍នេះ ដោយឥស្សរជនទាំង២ រំពឹងថា នឹងចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេសទាំង២០ (G20) នៅអាហ្វ្រិកខាងត្បូង ចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា៕
