លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃអាទិត្យ (ទី១៦ ខែវិច្ឆិកា)ថា ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro ចង់ពិភាក្សាជាមួយសហរដ្ឋអាមេរិក ខណៈដែលភាពតានតឹងកើនឡើង រវាងប្រទេសទាំង២ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា លោកមិនបានមានផែនការ ឬអនុញ្ញាតឲ្យមានការវាយប្រហារយោធាលើមូលដ្ឋានគោកណាមួយប្រឆាំងនឹងប្រជាជាតិអាមេរិកខាងត្បូងមួយនេះនោះទេ។

អំឡុងពេលនិយាយទៅកាន់អ្នកសារព័ត៌មាន មុនឡើងយន្តហោះ Air Force One នៅទីក្រុង West Palm Beach លោក Trump បាននិយាយថា ការកំណត់ថ្មីៗនេះរបស់សហរដ្ឋអាមេរិក អំពីក្រុមជួញដូរដែលមានទំនាក់ទំនងជាមួយវ៉េណេស៊ុយអេឡាផ្តល់ឲ្យរដ្ឋាភិបាលនូវសិទ្ធិអំណាច ក្នុងការកំណត់ធនធាន ឬហេដ្ឋារចនាសម្ព័ន្ធរបស់លោក Maduro។ តែលោកបានបញ្ជាក់បន្ថែមថា បើទោះបីវិធានការបែបនេះ អាចកើតមានក៏ដោយ ក៏មិនទាន់មានការសម្រេចច្បាស់លាស់នៅឡើយដែរ។
លោក Trump បានសង្កត់ធ្ងន់ថា៖ «វាអនុញ្ញាតឲ្យយើងធ្វើដូច្នេះបាន។ ប៉ុន្តែយើងមិនបាននិយាយថា យើងនឹងធ្វើដូច្នេះនោះឡើយ យើងប្រហែលជាមានការពិភាក្សាខ្លះៗជាមួយលោក Maduro ហើយយើងនឹងរង់ចាំមើលថា តើលទ្ធផលនឹងចេញមកយ៉ាងដូចម្ដេច។ ពួកគេចង់មានការពិភាក្សា»។
ជាមួយគ្នានេះ លោកប្រធានាធិបតីបានប្រាប់ឲ្យដឹងបន្ថែមថា រដ្ឋបាលរបស់លោកកំពុងធ្វើបច្ចុប្បន្នភាពដល់សភានូវព័ត៌មាន អំពីកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តមាន ក្នុងការទប់ស្កាត់ការជួញដូរគ្រឿងញៀនតាមរយៈវ៉េណេស៊ុយអេឡា និងម៉ិកស៊ិក ប៉ុន្តែបានសង្កត់ធ្ងន់ថា លោកមិនត្រូវការការយល់ព្រមពីសមាជិកសភា ដើម្បីចាត់វិធានការនេះនោះទេ។ លោកបានបញ្ជាក់ថា ការប្រាស្រ័យទាក់ទងជាមួយសភា គឺមានន័យថា ដើម្បីឲ្យពួកគេដឹង មិនមែនដើម្បីស្វែងរកការអនុញ្ញាតឡើយ៕
