នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង។
ពិធីនេះប្រព្រឹត្តទៅនៅមជ្ឍមណ្ឌលស៊ូននឹង អគារC ជាន់ផ្ទាល់ដី ស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដោយមានការចូលរួមពីសំណាក់ ប្រធាន ស.ស.យ.ក.ខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ព្រមទាំងសមាជិក សមាជិកា ស.ស.យ.ក. ខេត្តកោះកុងសរុបប្រមាណជាង ៥១២រូប។
ជាកិច្ចចាប់ផ្ដើម លោកជំទាវ មិថុនា ភូថង ប្រធាន ស.ស.យ.ក.ខេត្តកោះកុង បានសម្តែងការស្វាគមន៍យ៉ាងកក់ក្ដៅផ្ដល់ជូនចំពោះវត្តមានរបស់បងប្រធានលើទឹកដីខេត្តកោះកុង សារជាថ្មី។ លោកជំទាវបានលើកឡើងថា ដោយសារមើលឃើញពីទឹកចិត្ត ឆន្ទៈមោះមុត និងការលះបង់របស់បងប្រធាន និងថ្នាក់ដឹកនាំ ស.ស.យ.ក. បានក្លាយជាគំរូ និងជាកត្តាជំរុញទឹកចិត្តឱ្យយុវជនឱ្យចូលរួមកាន់តែច្រើន ដែលក្នុងរយៈពេលជាង ១ទសវត្សរ៍នេះ ស.ស.យ.ក.ខេត្តកោះកុង បានកើនឡើងពីសមាជិក ៨៧នាក់ រហូតមានដល់ជាង ៣ពាន់នាក់ ដែលមានរចនាសម្ព័ន្ធគ្រប់ជាន់ថ្នាក់ផងដែរ។
ទន្ទឹមនឹងនេះ លោកជំទាវក៏បានរាយការណ៍អំពីវឌ្ឍនភាពការងារ សមាជិក សមាជិកា ស.ស.យ.ក. ដែលបានអនុវត្តកន្លងមកក្នុងខេត្តកោះកុង ដែលទទួលបានលទ្ធផលជាទីគាប់ចិត្ត។ នៅក្នុងនោះមានកិច្ចការសំខាន់គឺការជួយសម្របសម្រួលពលករដែលត្រឡប់មកពីប្រទេសថៃ៕













