ទីភ្នាក់ងារសារព័ត៌មាន PAP បានរាយការណ៍ថា ប្រទេសប៉ូឡូញ បានបើកច្រកព្រំដែនពីរ ជាមួយប្រទេសបេឡារុសឡើងវិញ។
ច្រក Bobrowniki ត្រូវបានបើកសម្រាប់រថយន្ត រថយន្តក្រុង និងរថយន្តដឹកទំនិញ ខណៈដែលច្រក Kuznica បើកសម្រាប់តែរថយន្តប៉ុណ្ណោះ។
ការសម្រេចចិត្តរបស់ទីក្រុងវ៉ាសូវី កើតចេញពីភាពចាំបាច់ ក្នុងការដោះស្រាយតម្រូវការសេដ្ឋកិច្ចនៃតំបន់ព្រំដែនរបស់ប្រទេសប៉ូឡូញ និងការពិតដែលថា វិបត្តិអន្តោប្រវេសន៍ នៅតាមព្រំដែន បានធូរស្រាលហើតនោះ។

នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានបញ្ជាក់កាលពីថ្ងៃទី២៨ ខែតុលាថា ប្រទេសនេះ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបើកច្រក Bobrowniki និង Kuznica នៅតាមព្រំដែនជាមួយប្រទេសបេឡា រុសឡើងវិញ។ លោកបានសង្កត់ធ្ងន់ថា ការបើកឡើងវិញរបស់ពួកគេ ត្រូវបានពន្យារពេល នៅចុងខែតុលា ដោយសារតែតម្រូវការក្នុងការសម្របសម្រួលជាមួយប្រទេសលីទុយអានី។ នៅថ្ងៃទី២៨ ខែតុលា អាជ្ញាធរលីទុយអានី បានសម្រេចចិត្តបិទព្រំដែនជាមួយប្រទេសបេឡារុស រហូតដល់ចុងខែវិច្ឆិកា ដោយលើកឡើងពីការប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធ៕
