អ្នកនាំពាក្យរដ្ឋាភិបាល នៅថ្ងៃចន្ទ (ទី១៧ ខែវិច្ឆិកា) នេះ បានប្រាប់ឲ្យដឹងថា រដ្ឋាភិបាលអាល្លឺម៉ង់ នឹងលុបចោលបទបញ្ជាដែលផ្អាកការលក់អាវុធមួយចំនួនទៅអ៊ីស្រាអែល ចាប់ពីសប្តាហ៍ក្រោយ បន្ទាប់ពីមានកិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានឈានដល់កាលពីខែមុន។
អ្នកនាំពាក្យរូបនេះបានប្រាប់ថា៖ «តាមច្បាប់ទូទៅ រដ្ឋាភិបាលនឹងត្រឡប់ទៅពិនិត្យឡើងវិញតាមករណី ក្នុងការសម្រេចលើការនាំចេញអាវុធ និងឆ្លើយតបទៅនឹងការមានវឌ្ឍនភាពបន្ថែមទៀត»។
សេចក្តីសម្រេចនេះ នឹងអនុញ្ញាតឲ្យមានការចាប់ផ្ដើមឡើងវិញនូវការនាំចេញ ដែលបានផ្អាកកាលពីខែសីហា ចាប់ពីថ្ងៃទី២៤ ខែវិច្ឆិកាតទៅ។

អាល្លឺម៉ង់ ដែលជាប្រទេសនាំចេញអាវុធធំទី២ ទៅកាន់អ៊ីស្រាអែល បន្ទាប់ពីសហរដ្ឋអាមេរិក បានប្រកាសផ្អាកការនាំចេញអាវុធមួយចំនួនទៅអ៊ីស្រាអែល កាលពីខែសីហា ចំពេលមានសម្ពាធសាធារណៈកាន់តែខ្លាំងឡើង ជុំវិញសង្រ្គាម នៅតំបន់ហ្កាហ្សា។
ការសម្រេចនេះបានមានផលលើអាវុធ និងប្រព័ន្ធដែលអាចប្រើបាននៅក្នុងតំបន់ហ្កាហ្សា ប៉ុន្តែមិនមែនគ្រឿងយុទ្ធោបករណ៍ផ្សេងទៀត ដែលត្រូវបានចាត់ទុកថា ចាំបាច់ សម្រាប់អ៊ីស្រាអែលការពារខ្លួនពីការវាយប្រហារពីខាងក្រៅនោះឡើយ។
អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា អាល្លឺម៉ង់នៅតែប្តេជ្ញាចិត្តគាំទ្រសន្តិភាពយូរអង្វែង រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដោយឈរលើមូលដ្ឋាននៃដំណោះស្រាយរដ្ឋ២ ហើយនឹងបន្តចូលរួម ក្នុងការគាំទ្រការកសាងឡើងវិញ នៅតំបន់ហ្កាហ្សា៕
