វិមានក្រឹមឡាំង នៅថ្ងៃចន្ទ (ទី១៧ ខែវិច្ឆិកា) នេះ បានលើកឡើងថា ខ្លួនរំពឹងថា កិច្ចប្រជុំកំពូលមួយផ្សេងទៀត រវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីអាមេរិកលោក Donald Trump អាចកើតឡើងបាន ភ្លាមៗនៅពេលដែលការរៀបចំចាំបាច់ត្រូវបានបញ្ចប់សព្វគ្រប់។

គួរដឹងថា លោក Putin និងលោក Trump បានជួបគ្នាចុងក្រោយកាលពីខែសីហា អំឡុងជំនួបកំពូលនៅរដ្ឋ Alaska របស់សហរដ្ឋអាមេរិក ជាកន្លែងដែលពួកលោកមិនអាចសម្រេចបាននូវដំណោះស្រាយ ស្តីពីសង្រ្គាម នៅអ៊ុយក្រែន។
ហើយកាលពីខែមុន ភាគីទាំង២ បានប្រកាសនូវផែនការមាននូវកិច្ចប្រជុំកំពូល នៅទីក្រុង Budapest ប្រទេសហុងគ្រី ប៉ុន្តែលោក Trump បានលុបចោលវាភ្លាមៗបន្ទាប់ពីនោះ។
នៅក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃចន្ទនេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មាថា កិច្ចប្រជុំរបស់មេដឹកនាំទាំង២ ទាមទារឲ្យមានការរៀបចំយ៉ាងម៉ត់ចត់។ លោកបានកត់សម្គាល់ថា៖ «នៅពេលណាដែលការរៀបចំទាំងនេះត្រូវបានបញ្ចប់សព្វគ្រប់ និងនៅពេលណាដែលលក្ខខណ្ឌនានា សម្រាប់កិច្ចប្រជុំកំពូលនេះត្រូវបានកំណត់ររួចហើយ យើងសង្ឃឹមថា វានឹងកើតឡើង»។ លោកបានបន្ថែមថា រុស្ស៊ីចាប់អារម្មណ៍រៀបចំកិច្ចប្រជុំនេះ «ឲ្យបានឆាប់តាមដែលអាច»។
បន្ថែមពីលើនោះទៀត អ្នកនាំពាក្យរូបនេះមានបានសង្កត់ធ្ងន់ថា ទីក្រុងមូស្គូនឹងប្រឆាំងយ៉ាងខ្លាំង ចំពោះការអនុម័តសេចក្ដីស្នើច្បាប់របស់សហរដ្ឋអាមេរិកដែលដាក់ទណ្ឌកម្មលើដៃគូពាណិជ្ជកម្មរបស់រុស្ស៊ី។ ការកត់សម្គាល់របស់លោកកើតឡើងបន្ទាប់ពីលោក Trump បានបញ្ជាក់ថា លោកនឹង «យល់ស្រប» ចំពោះសេចក្ដីស្នើច្បាប់គាំទ្រដោយគណបក្សសាធារណរដ្ឋដែលដាក់គោលលើប្រទេសធ្វើអាជីវកម្មជាមួយរុស្ស៊ីទាំងអស់៕
