ស្នងការការពារជាតិរបស់សហភាពអឺរ៉ុប (EU) លោក Andrius Kubilius នៅថ្ងៃចន្ទ (ទី១៧ ខែវិច្ឆិកា) នេះ បានលើកឡើងថា អឺរ៉ុបមិនទាន់ត្រៀមខ្លួនរួចរាល់នៅឡើយទេ ក្នុងការដោះស្រាយប្រកបដោយប្រសិទ្ធភាពជាមួយនឹងការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ី ហើយត្រូវតែរួមបញ្ចូលសមត្ថភាព «សាកល្បងប្រយុទ្ធនៅសមរភូមិ» របស់អ៊ុយក្រែន ដើម្បីការពារខ្លួនឲ្យកាន់តែប្រសើរឡើង។
គួរបញ្ជាក់ថា ប្លុកដែលមានសមាជិកចំនួន ២៧ប្រទេសនេះ កំពុងប្រញាប់ប្រញាល់កែលម្អនូវប្រព័ន្ធការពារយានដ្រូនរបស់ខ្លួន បន្ទាប់ពីយន្តហោះរបស់អង្គការណាតូ (NATO) បានបាញ់ទម្លាក់យានដ្រូនរបស់រុស្ស៊ីនៅប្រទេសប៉ូឡូញ កាលពីខែកញ្ញា។

ក្នុងសុន្ទរកថានៅឯទីក្រុង Vilnius ប្រទេសលីទុយអានី លោក Kubilius បាននិយាយថា៖ «ហេតុអ្វីបានជាយើងចំណាយពេលលើសពី ២ឆ្នាំ។ ការបង្កហេតុរបស់រុស្ស៊ី ដោយយានដ្រូន នៅប្រទេសប៉ូឡូញ និងនៅបណ្ដារដ្ឋបាល់ទិក និងរូម៉ានី ធ្វើឲ្យយើងយល់ថា យើងមិនទាន់ត្រៀមខ្លួនរួចរាល់នៅឡើយទេ ក្នុងការតាមរកឃើញយានដ្រូនរបស់រុស្ស៊ី ហើយបំផ្លាញពួកវាដោយមធ្យោបាយដ៏មានប្រសិទ្ធភាព។ រុស្ស៊ីកំពុងរៀនសូត្រ ចុះពួកយើង?»។
អង្គការណាតូបានបញ្ជូនកងកម្លាំងទៅព្រំដែនប៉ែកខាងកើតរបស់ខ្លួន ហើយកំពុងដាក់ពង្រាយប្រព័ន្ធការពារយានដ្រូនបន្ថែមទៀត បន្ទាប់ពីមានហេតុការណ៍ នៅប៉ូឡូញ។ ហើយ EU ក៏បានឲ្យដឹងផងដែរថា ខ្លួនចង់បង្កើតប្រព័ន្ធការពារប្រឆាំងយានដ្រូន ប៉ុន្តែសេចក្ដីលម្អិតនៅតែស្ថិតក្នុងភាពប្រែប្រួល ហើយផែនការណាមួយ ទំនងជានឹងត្រូវចំណាយពេលរាប់ឆ្នាំ៕

