ក្រសួងការបរទេសចិនបានឲ្យដឹងនៅថ្ងៃចន្ទ (ទី១៧ ខែវិច្ឆិកា) នេះថា នាយករដ្ឋមន្ត្រីចិន លោក Li Qiang មិនមានគម្រោងជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi នៅខាងក្រៅកិច្ចប្រជុំកំពូលនៃមេដឹកនាំក្រុមប្រទេសទាំង២០ (G20) នាចុងសប្តាហ៍នេះ នៅអាហ្វ្រិកខាងត្បូងនោះឡើយ ដែលជាសញ្ញាបង្ហាញពីទំនាក់ទំនងកាន់តែអាប់អួ ពាក់ព័ន្ធនឹងការលើកឡើងរបស់មេដឹកនាំជប៉ុនថ្មីៗនេះ ស្តីពីបញ្ហាកោះតៃវ៉ាន់។
សេចក្តីប្រកាសនេះបានធ្វើឡើងខណៈដែលមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសជប៉ុន បានធ្វើដំណើរទៅដល់ប្រទេសចិន ដើម្បីបំពេញទស្សនកិច្ចក្នុងគោលបំណងបន្ធូរបន្ថយជម្លោះការទូត ដែលបានចាប់ផ្តើមប៉ះពាល់ដល់ការធ្វើដំណើរ និងទេសចរណ៍ រវាងប្រទេសជិតខាងទាំង២។

ប្រទេសចិនបានដាក់ការតវ៉ាផ្លូវការ បន្ទាប់ពីលោកស្រី Takaichi បានប្រាប់គណៈកម្មាធិការសភា កាលពីថ្ងៃទី៧ ខែវិច្ឆិកាថា ការវាយប្រហារដោយយោធាលើកោះតៃវ៉ាន់ អាចជា «ស្ថានភាពគំរាមកំហែងដល់ការរស់រានមានជីវិត» សម្រាប់ប្រទេសជប៉ុន ដែលបង្ហាញពីលទ្ធភាពនៃការឆ្លើយតបពាក់ព័ន្ធនឹងកងកម្លាំងស្វ័យការពាររបស់ជប៉ុន។
ទីក្រុងប៉េកាំងបានចាត់ទុកកោះស្វ័យគ្រប់គ្រងថា ជាខេត្តរបស់ខ្លួន ដែលនឹងត្រូវបានបង្រួបបង្រួមជាមួយដែនដីគោកឡើងវិញ ដោយមិនបដិសេធក្នុងការប្រើប្រាស់កម្លាំង ប្រសិនបើចាំបាច់ ហើយក៏បានបញ្ជាក់ដែរថា បញ្ហាកោះតៃវ៉ាន់ គឺជារឿងផ្ទៃក្នុងរបស់ប្រទេសចិនសុទ្ធសាធ។
ភាគីជប៉ុនបាននិងកំពុងស្វែងរកជំនួប រវាងលោកស្រី Takaichi និងលោក Li នៅក្រៅកិច្ចប្រជុំ G20 ដោយចាត់ទុកការប្រាស្រ័យទាក់ទងជាកត្តាសំខាន់ ក្នុងអំឡុងពេលមានបញ្ហាប្រឈមបែបនេះ។ តែយ៉ាងណាក្ដី អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃទី១៧ ខែវិច្ឆិកាថា មិនមានគម្រោង សម្រាប់កិច្ចប្រជុំបែបនេះឡើយ៕
