ភ្នំពេញ៖ ក្រសួងសុខាភិបាល បញ្ជាក់ថា វីរុសកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង បានកើតឡើងជារៀងរាល់ថ្ងៃ ហើយករណីស្លាប់នៅតាមបណ្តាប្រទេសមួយចំនួននោះ កើតមានរួចហើយដែរ កើតលើអ្នកមានជំងឺប្រចាំកាយ និងអ្នកដែលមិនបានចាក់វ៉ាក់សាំង ឫចាក់មិនគ្រប់ដូស។ ក្រសួងស្នើឱ្យប្រជាពលរដ្ឋ មិនត្រូវមើលស្រាលលើលទ្ធភាពវ៉ៃលុក នៃវីរុសកូវីដ-១៩អូមីក្រុង។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានលើកឡើងទៀតថា វិធានការក៏បានដាក់ចេញជាហូរហែរច្រើនរួចហើយដែរ នៅឡើយតែការចូលរួមអនុវត្តពីបុគ្គលគ្រប់រូបនៅពេលនេះ ដោយសូមឱ្យចូលរួមអនុវត្តបន្តនូវវិធានការ ៣ការពារ និង៣កុំ រួមជាមួយនិងការចាក់វ៉ាក់សាំងកូវីដ-១៩ ជាពិសេសដូសទី៣ ឬដូសជំរុញនេះ ជាវិធានការល្អអាចជួយបុគ្គលគ្រប់រូបពីការវ៉ៃលុក នៃវីរុសកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុងធ្ងន់ធ្ងរ និងជួយអាយុជីវិតលោកអ្នកបាន។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន សូមទាញអារម្មណ៍ទៅដល់បងប្អូនសាធារណជនទាំងអស់ថា សមស្របទៅនឹងបរិបទដែលយើងគ្រប់គ្នាកំពុងតែរៀនរស់ជាមួយនឹងវត្តមាននៃវីរុសកូវីដ១៩ហើយ ក៏ប៉ុន្តែវាមិនមែនមានន័យថា យើងត្រូវបំភ្លេចចោលនូវវិធានការណ៍ការពាររបស់យើងទាំងអស់នោះទេ ជាពិសេសវិធានការ ៣ការពារ និង៣កុំ របស់យើង ហើយបច្ចុប្បន្ននេះ៣ការពារ សង្កេតឃើញថារៀងអនុវត្តខ្លះ។
ទន្ទឹមនឹងនោះក៏មានអ្នកពាក់ម៉ាស់មួយចំនួនក៏មានការថយចុះទៅហើយ ប៉ុន្តែ៣កុំ គឺនៅខ្វះច្រើនណាស់។ ដូច្នេះទាមទារឲ្យចូលរួមបន្តទាំងអស់គ្នា ដើម្បីរក្សាឲ្យមាននិរន្តរភាព នៃការរស់នៅប្រចាំថ្ងៃរបស់យើងឲ្យមាននិរន្តរភាពល្អ ពិព្រោះថាបើកាលណាមានការឆ្លងមេរោគកូវីដ-១៩ច្រើនពេក ផលប៉ះពាល់វាតែងតែកើតមានហើយ។
អ្នកដែលដល់ថ្ងៃត្រូវចាក់វ៉ាក់សាំងដូសទី២ ក៏សូមឲ្យអញ្ជើញទៅចាក់វ៉ាក់សាំងដូសទី២ ជាពិសេសអ្នកចាក់វ៉ាក់សាំងដូសទី៣ និងដូសទី៤នេះ ត្រូវខិតខំធ្វើយ៉ាងណានាំទៅចាក់វ៉ាក់សាំងនេះឲ្យបានគ្រប់ៗគ្នា ដើម្បីសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ និងរួមគ្នាទប់ស្កាត់ការរីករាលដាលវីរុសបំប្លែងថ្មី ប្រភេទអូមីក្រុង និងបន្តបន្ទាប់៕ អត្ថបទ៖ រដ្ឋា