អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយកាលពីថ្ងៃចន្ទ ១៧វិច្ឆិកា ថា ប្រទេសចិនជំរុញឱ្យប្រទេសជប៉ុនឈប់ដើរហួសព្រំដែន ដកពាក្យសម្ដី និងទង្វើខុសរបស់ខ្លួន និងគោរពការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះប្រទេសចិនជាមួយនឹងសកម្មភាពជាក់ស្តែង។

មានរបាយការណ៍ថា ថ្មីៗនេះ អ្នកនយោបាយជប៉ុនមួយចំនួនបានអះអាងថា ប្រទេសចិនបាន ប្រតិកម្មហួសហេតុ ចំពោះការអត្ថាធិប្បាយខុសរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ពាក់ព័ន្ធបញ្ហាកោះតៃវ៉ាន់។
ជាការឆ្លើយតប លោកស្រី Mao បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ប្រទេសចិនបានបញ្ជាក់ម្តងហើយម្តងទៀតអំពីជំហរដ៏ម៉ឺងម៉ាត់របស់ខ្លួនលើការអត្ថាធិប្បាយខុសពីសំណាក់លោកស្រី Takaishi ទាក់ទងនឹងកោះតៃវ៉ាន់ ដោយនិយាយថា ការលើកឡើងមានការជាប់ពាក់ព័ន្ធនានា រំលោភយ៉ាងធ្ងន់ធ្ងរលើស្មារតីនៃឯកសារនយោបាយទាំងបួនរវាងចិន និងជប៉ុន និងធ្វើឱ្យខូចដល់មូលដ្ឋានគ្រឹះនយោបាយនៃទំនាក់ទំនងចិន-ជប៉ុន។
លោកស្រី Mao បានបញ្ជាក់ថា ក្នុងអំឡុងពេលពិភាក្សាអំពីការបន្តទំនាក់ទំនងការទូតចិន-ជប៉ុន ប្រទេសចិនបានគូសបញ្ជាក់យ៉ាងច្បាស់អំពីគោលការណ៍បីយ៉ាងគឺរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន (PRC) គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ដែលតំណាងឱ្យប្រជាជនចិន។ ខេត្តតៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចបំបែកចេញពីទឹកដីសាធារណរដ្ឋប្រជាមានិតចិន (PRC) និងអ្វីដែលហៅថា "សន្ធិសញ្ញាតៃវ៉ាន់-ជប៉ុន" គឺខុសច្បាប់ និងមិនត្រឹមត្រូវ ហើយគួរតែត្រូវបានលុបចោល ។
ចំណែកនាយករដ្ឋមន្ត្រីចិន លោក លី ឈៀង (Li Qiang ) គ្មានគម្រោងជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុននៅខាងក្រៅកិច្ចប្រជុំកំពូល G20 នាពេលខាងមុខនៅអាហ្វ្រិកខាងត្បូងទេ ខណៈភាពតានតឹងជុំវិញបញ្ហាកោះតៃវ៉ាន់កាន់តែក្ដៅខ្លាំង៕

