មន្រ្តីអាជ្ញាធរ បាននិយាយកាលពីថ្ងៃចន្ទ (១៧ វិច្ឆិកា) ថា មនុស្សលើសពី ១៣០នាក់ ដែលត្រូវសង្ស័យថារស់នៅក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់ ត្រូវបានចាប់ឃុំខ្លួននៅទីក្រុង Charlotte រដ្ឋ North Carolina ខណៈយុទ្ធនាការនិរទេសទ្រង់ទ្រាយធំទូទាំងប្រទេសរបស់លោកប្រធានាធិបតីអាមេរិក Donald Trump បានកើនឡើងកាន់តែតឹងរ៉ឹងនៅភាគខាងត្បូង។

លោក Rob Brisley អ្នកនាំពាក្យរបស់គយនិងការពារព្រំដែនអាមេរិក បាននិយាយថា ភ្នាក់ងារល្បាតព្រំដែនបានចាប់ខ្លួនមនុស្សជាង ១៣០នាក់ កាលថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ កន្លងទៅ នៅទីក្រុង Charlotte អំឡុងពេលពីរថ្ងៃដំបូងនៃប្រតិបត្តិការសហព័ន្ធ ដែលផ្តោតលើជនអន្តោប្រវេសន៍គ្មានឯកសារ។

លោក Brisley ព្រមានថា "មន្រ្តីនឹងមិនបញ្ឈប់ការអនុវត្តច្បាប់របស់អាមេរិកនោះទេ រហូតដល់ជនបរទេសខុសច្បាប់ទាំងអស់ ត្រូវចាប់ខ្លួន និងដកចេញពីប្រទេស"។ លោកមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ ហើយគេក៏មិនច្បាស់ដែរថា នៅពេលណាដែលប្រតិបត្តិការអន្តោប្រវេសន៍ក្នុងទីក្រុងភាគខាងត្បូងមួយនេះ នឹងបញ្ចប់។

ទីក្រុង Charlotte បានមើលឃើញការតវ៉ាដោយសន្តិវិធីជាច្រើន ដើម្បីឆ្លើយតបនឹងការបង្រ្កាបអន្តោប្រវេសន៍នេះ រួមទាំងការប្រមូលផ្ដុំមួយកាលពីថ្ងៃចន្ទដោយក្រុមសិស្សវិទ្យាល័យ ខណៈវីដេអូនៃការចាប់ខ្លួន ត្រូវបង្ហោះពាសពេញបណ្ដាញសង្គម។ អាជីវកម្មដែលគ្រប់គ្រងដោយជនជាតិឡាទីនមួយចំនួន បានបិទទ្វារកាលពីចុងសប្តាហ៍ ហើយនៅតែបន្តបិទកាលពីថ្ងៃចន្ទ ក្នុងទីក្រុង Charlotte ជាក្រុងដែលមានមនុស្ស ៩៤៣.០០០នាក់រស់នៅ និងជាតំបន់រីកលូតលាស់លឿនបំផុតមួយក្នុងសហរដ្ឋអាមេរិក យោងតាមទិន្នន័យពីការិយាល័យជំរឿន៕