ទីក្រុងគីវ និងទីក្រុងប៉ារីស បាននិយាយថា អ៊ុយក្រែន នឹងទទួលបានយន្តហោះចម្បាំង Rafale ផលិតពីបារាំង រហូតដល់ទៅ ១០០គ្រឿង ក្នុងរយៈពេល ១០ឆ្នាំខាងមុខ ក្រោមកិច្ចព្រមព្រៀងមួយដែលបានចុះហត្ថលេខាកាលពីថ្ងៃចន្ទ (១៧ វិច្ឆិកា) ខណៈអ៊ុយក្រែន ស្វះស្វែងពង្រឹងការការពាររបស់ខ្លួន ប្រឆាំងនឹងប្រតិបត្តិការយោធាដ៏ខ្លាំងក្លារបស់រុស្ស៊ី។

ប្រព័ន្ធការពារអាកាស គ្រឿងរំសេវ និងយានដ្រូន ក៏ត្រូវដាក់បញ្ចូលក្នុងលិខិតបំណងមួយនេះ ដែលចុះហត្ថលេខាដោយលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy និងសមភាគីបារាំង លោក Emmanuel Macron នៅពីមុខយន្តហោះចម្បាំង និងទង់ជាតិប្រទេសទាំងពីរ។
ថ្លែងប្រាប់អ្នកយកព័ត៌មាននៅអាកាសយានដ្ឋានយោធាបារាំង លោក Zelenskyy បានសាទរថា "នេះនឹងជាប្រព័ន្ធការពារដែនអាកាសដ៏អស្ចារ្យបំផុត គឺជា មួយក្នុងចំណោមប្រព័ន្ធដ៏អស្ចារ្យបំផុតលើពិភពលោក"។ ចំណែកលោក Macron បានប្រាប់ទូរទស្សន៍មួយថា "បារាំងកំពុងរៀបចំផែនការផ្ដល់យន្តហោះចម្បាំង Rafale ក្នុងចំនួនដ៏ធំដល់ទៅ ១០០គ្រឿង។ នោះហើយជាអ្វីដែលត្រូវការសម្រាប់ការកសាងសមត្ថភាពឡើងវិញរបស់យោធាអ៊ុយក្រែន"។
វិមានប្រធានាធីបតីបារាំង Elysee បាននិយាយថា លិខិតបំណងនេះគឺជាការប្តេជ្ញាចិត្តផ្នែកនយោបាយ ជាជាងកិច្ចព្រមព្រៀងទិញលក់ ដែលនឹងកើតមាននៅពេលក្រោយទៀត។ មានសំណួរជាច្រើនអំពីហិរញ្ញប្បទាននៃជំនួយយោធាបែបនេះ។ គួរឱ្យដឹងថា គោលបំណងផ្តល់ហិរញ្ញប្បទាននៃគម្រោងនេះ គឺជាមួយនឹងកម្មវិធីរបស់សហភាពអឺរ៉ុប រួមទាំងការប្រើប្រាស់ដែលបានគ្រោងទុក នៃទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ី ដែលប្លុកអឺរ៉ុប មិនទាន់ព្រមព្រៀងគ្នារួចនៅឡើយ៕


