ប្រធានាធិបតីអាមេរិក លោក Donald Trump បានសាទរចំពោះការបោះឆ្នោតរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទ ១៧វិច្ឆិកា ដើម្បីគាំទ្រផែនការសន្តិភាពរបស់លោកនៅហ្កាហ្សា ដោយអះអាងថា នោះ នឹងនាំទៅរកសន្តិភាពបន្ថែមទៀតនៅទូទាំងពិភពលោក។

លោក Trump បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបន្ទាប់ពីការបោះឆ្នោតថា សូមអបអរសាទរដល់ពិភពលោកចំពោះការបោះឆ្នោតដ៏អស្ចារ្យរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលទើបតែបានអនុម័តកាលពីប៉ុន្មាននាទីមុននេះ ដោយទទួលស្គាល់ និងគាំទ្រក្រុមប្រឹក្សាសន្តិភាព ដែលនឹងដឹកនាំដោយរូបលោក និងរួមបញ្ចូលក្រុមមេដឹកនាំដែលមានអំណាច និងគួរឱ្យគោរពបំផុតនៅទូទាំងពិភពលោក។
លោកបានថ្លែងអំណរគុណដល់សមាជិកក្រុមប្រឹក្សាសន្តិសុខទាំងអស់ រួមទាំងប្រទេសរុស្ស៊ី និងចិន ផងដែរ ដោយបន្ថែមថា សមាជិកក្រុមប្រឹក្សាភិបាល និងសេចក្តីប្រកាសគួរឱ្យរំភើបជាច្រើនទៀត នឹងត្រូវបានធ្វើឡើងនៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។
សេចក្តីសម្រេចរបស់សហរដ្ឋអាមេរិកបញ្ជាក់ពីក្របខណ្ឌបទឈប់បាញ់ចំនួន ២០ ចំណុចរបស់លោកប្រធានាធិបតី Trump ដែលបង្កើតក្រុមប្រឹក្សាសន្តិភាព ដែលមិនទាន់ត្រូវបានបង្កើតឡើងនៅឡើយជាអាជ្ញាធរអន្តរកាលដឹកនាំដោយលោក Trump។
ប្រទេសអារ៉ាប់ និងមូស្លីមមួយចំនួនដែលបានបង្ហាញពីឆន្ទៈក្នុងការចូលរួមចំណែកកងទ័ពបានទទូចថាការអនុញ្ញាតពីក្រុមប្រឹក្សាសន្តិសុខ គឺចាំបាច់មុនពេលចូលរួមជាមួយកងកម្លាំងអន្តរជាតិណាមួយ៕

