បាល់ទាត់៖ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគកម្ពុជា បានរៀបចំពិធីចាប់ឆ្នោតការប្រកួតជម្រើសជើងឯកខេមបូឌានលីគទី២ ឆ្នាំ២០២២ រួចហើយដោយមានបេក្ខភាព ១២ក្រុមចូលរួម ខណៈការប្រកួតនឹងចាប់ផ្ដើមផ្លូវការនាថ្ងៃទី០៦ ខែមីនា ពោលគឺក្រោយ ១ថ្ងៃនៃការចាប់ផ្ដើមរដូវកាលថ្មីការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា Cambodian Premier League ដែលត្រូវប្រកួតនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២។
ចំពោះលទ្ធផលនៃការចាប់ឆ្នោតបែងចែកគូប្រកួតរដូវកាលថ្មីនៃលីគ២ សប្ដាហ៍ទី១ រួមមាន៖ គូទី១ ក្រុម ISI ដង្កោសែនជ័យជួបក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី។ គូទី២ ក្រុមសូលទីឡូអង្គរជួបខេត្តត្បូងឃ្មុំ។ គូទី៣ ក្រុមអាស៊ីអឺរ៉ុបជួបខេត្តបន្ទាយមានជ័យ។ គូទី៤ ក្រុមអគ្គីសនីកម្ពុជាជួបខេត្តសៀមរាប។ គូទី៥ ក្រុមកោះកុងអែហ្វស៊ីជួបក្រុមនគរបាលជាតិ និងគូទី៦ ក្រុម Next Step FC ជួបខេត្តព្រៃវែង។ សម្រាប់ព្រឹត្តិការណ៍ថ្នាក់ជាតិដែលរៀបចំឡើងក្រោមកំណែទម្រង់ថ្មី ដោយក្រុមហ៊ុនខេមបូឌានព្រីមៀរលីគកម្ពុជានឹងប្រើប្រព័ន្ធលេងសន្សំពិន្ទុ ២ជុំ ហើយក្លិបនីមួយៗត្រូវមានកីឡាករអាយុក្រោម ២២ឆ្នាំយ៉ាងតិច ២នាក់លេងលើទីលានពេញ ៩០នាទីដូចលក្ខខណ្ឌនៃលីគកំពូលដែរ។
ចំពោះកីឡាករបរទេសអាចលេងបាន ៣នាក់តែម្នាក់ជាកីឡាករអាស៊ី។ ចំពោះការផ្លាស់ប្ដូរកីឡាករកពេលប្រកួតគឺអាចប្ដូរបាន ៥នាក់ក្នុងចំណោម ៣លើកដោយមិនរាប់បញ្ចូលការប្ដូរពេលសម្រាកចន្លោះវគ្គ។ ចំពោះលក្ខខណ្ឌដែលក្លិបនីមួយៗត្រូវគោរពក្នុងការចុះឈ្មោះចូលរួមប្រកួតវិញ ក្លិបអាចចុះឈ្មោះកីឡាករចាប់ពី ១៨នាក់ទៅ ៣០នាក់ដែលមានអាយុចាប់ពី ១៦ឆ្នាំឡើងទៅ តែក្នុងចំណោមកីឡាករទាំងអស់ត្រូវមានកីឡាករអាយុក្រោម ២២ឆ្នាំយ៉ាងតិច ៦នាក់ក្នុងមួយក្រុម។ រីឯកីឡាករបរទេសអាចចុះឈ្មោះបាន ៤នាក់ តែអ្វីដែលពិសេសគឺគ្រូបង្គោលត្រូវមានសញ្ញាបត្រទាបបំផុតត្រឹមកម្រិត B-License៕
អត្ថបទ៖ លី ឈុនឡា