យោធាអ៊ុយក្រែន កំពុងខិតខំប្រយុទ្ធដើម្បីទប់ជំហររបស់ខ្លួន ខណៈកងកម្លាំងរុស្ស៊ីបន្តមានប្រៀបថែមទៀតនៅសមរភូមិក្នុងតំបន់ Zaporizhzhia ភាគអាគ្នេយ៍របស់អ៊ុយក្រែន ប៉ុន្តែបណ្តាញព័ត៌មានអន្តរជាតិប៉ូឡូញ TVP World បានរាយការណ៍ថា ផលចំណេញបន្តិចបន្តួចរបស់រុស្ស៊ីនេះ បានមកដោយការខាតបង់យ៉ាងធំសម្បើម។

កងទ័ពរុស្ស៊ី បានផ្តោតការខិតខំជាពិសេសលើទីក្រុង Hulyaipole របស់អ៊ុយក្រែន ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដែលមានចម្ងាយប្រហែល ៨០គីឡូម៉ែត្រពីទីក្រុង Zaporizhzhia ដែលជារដ្ឋធានីរបស់តំបន់ មានឈ្មោះដូចតំបន់ភាគខាងត្បូងដ៏ធំមួយនេះ។
អ្នកនាំពាក្យយោធាអ៊ុយក្រែន លោក Vladyslav Voloshin ដែលស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានអ៊ុយក្រែន Interfax-Ukraine កាលពីថ្ងៃចន្ទ (១៧ វិច្ឆិកា) បាននិយាយថា ទាហានរុស្ស៊ី កំពុងព្យាយាមកាត់ផ្ដាច់ផ្លូវផ្គត់ផ្គង់ដ៏សំខាន់មួយរវាងក្រុង Hulyaipole និងភូមិ Pokrovske ក្នុងតំបន់ Dnipropetrovsk ដែលនៅជិតខាង។
លោកបន្តថា "ស្ថានភាពលំបាកខ្លាំងណាស់... រុស្ស៊ីបានការវាយលុកជាច្រើនដងនៅក្រុង Hulyaipole... ការប្រយុទ្ធយ៉ាងខ្លាំងក្លាបំផុត កំពុងកើតមាននៅទីនោះ"។ លោក Voloshin បន្ថែមថា កងកម្លាំងអ៊ុយក្រែន កំពុងព្យាយាមរារាំងការរុលទៅមុខរបស់រុស្ស៊ី ដែលមិនមានការថមថយឡើយ ទោះជាជនជាតិរុស្ស៊ីលើសពី ៣០០នាក់ ស្លាប់និងរបួស ក្នុងពេល ២៤ម៉ោងនៅតំបន់នេះក៏ដោយ។
កាលពីសប្តាហ៍មុន កងកម្លាំងរុស្ស៊ី ដណ្ដើមបានភូមិជាច្រើននៅក្បែរនោះ ដោយសារអាកាសធាតុចុះអ័ព្ទបានរារាំងប្រសិទ្ធភាពយានដ្រូនឈ្លបយកការណ៍ ហើយនាំឱ្យអ៊ុយក្រែន បង្ខំចិត្តដកទ័ពចេញពីទីតាំងឈរជើងជាច្រើន ស្របពេលការប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅក្នុងតំបន់៕

