អតីតនាយករដ្ឋមន្ត្រីបង់ក្លាដែស ដែលកំពុងនិរទេសខ្លួន លោកស្រី Sheikh Hasina កាលពីថ្ងៃចន្ទ (១៧ វិច្ឆិកា) បានពណ៌នាការកាត់ទោសប្រហារជីវិតប្រឆាំងនឹងលោកស្រី ថាជារឿងអយុត្តិធម៌ "គួរឱ្យស្អប់ខ្ពើមបំផុត" និង "មានហេតុផលនយោបាយ"។

សេចក្តីថ្លែងការណ៍មួយ ដែលចែករំលែកដោយបក្ស Awami League របស់លោកស្រីលើបណ្ដញសង្គម លោកស្រី Hasina បានអះអាងថា សាលក្រមដែលបានប្រកាស ប្រឆាំងនឹងលោកស្រី «ត្រូវធ្វើឡើងដោយសាលាក្តីអយុត្តិធម៌មួយ ដែលបង្កើតឡើងនិងដឹកនាំដោយរដ្ឋាភិបាលមិនជាប់ឆ្នោត ដែលគ្មានអាណត្តិប្រជាធិបតេយ្យ»។ លោកស្រីអះអាងថា៖ គោលបំណងរបស់ពួកគេគឺទម្លាក់កំហុសលើបក្ស Awami League ឱ្យធ្វើជាពពែទទួលទោស។

កាលពីព្រឹកថ្ងៃចន្ទ តុលាការដែលមានមូលដ្ឋាននៅទីក្រុងដាកាមួយនេះ បានកាត់ទោសប្រហារជីវិត លើលោកស្រី Hasina និងអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Asaduzzaman Khan Kamal ជុំវិញការបង្រ្កាបដ៏បង្ហូរឈាមលើបាតុកម្មមួយកាលពីឆ្នាំ២០២៤។ ទាំងលោកស្រី Hasina និងលោក Kamal បានរត់ភៀសខ្លួនទៅឥណ្ឌា កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំមុន ដោយសារភាពតានតឹងនេះ។
មនុស្សប្រហែល ១.៤០០នាក់ ត្រូវបានសម្លាប់ក្នុងអំឡុងពេលបាតុកម្ម ហើយនាយករដ្ឋមន្ត្រីដែលត្រូវបណ្តេញចេញពីតំណែងរូបនេះ បាននិយាយម្ដងហើយម្ដងទៀតថា សាលក្រមនេះគឺ "គួរឱ្យស្អប់ខ្ពើម លំអៀង និងមានហេតុផលនយោបាយ"៕