លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា ថា សហរដ្ឋអាមេរិកនឹងលក់យន្តហោះចម្បាំងបំបាំងកាយ F-35 ទៅឲ្យប្រទេសអារ៉ាប៊ីសាអ៊ូឌីត មួយថ្ងៃមុនពេលព្រះអង្គម្ចាស់អារ៉ាប៊ីសាអ៊ូឌីត Mohammed bin Salman យាងទៅកាន់សេតវិមាន ដើម្បីពិភាក្សា។

លោក Trump បានប្រាប់អ្នកសារព័ត៌មាននៅពេលត្រូវបានសួរថាតើទីក្រុងវ៉ាស៊ីនតោននឹងព្រមព្រៀងលក់យន្តហោះទៅឲ្យទីក្រុងរីយ៉ាដ(Riyadh) នៅក្នុងកិច្ចប្រជុំនៅថ្ងៃអង្គារនេះដែរទេ នោះលោកនិយាយថា«យើងនឹងធ្វើដូច្នេះ»។ យើងនឹងលក់យន្តហោះ F-35» ។
ទីក្រុងរីយ៉ាដ បានស្វែងរកទិញយន្តហោះចម្បាំង F-35 ជាយូរមកហើយ។ មន្ត្រីអ៊ីស្រាអែល បានសម្តែងការព្រួយបារម្ភអំពីការលក់យន្តហោះទៅឱ្យប្រទេសអារ៉ាប៊ីសាអ៊ូឌីត ទោះបីជាមានការជំរុញឱ្យព្រះរាជាណាចក្រមួយនេះ ធ្វើឱ្យទំនាក់ទំនងមានភាពប្រក្រតីក៏ដោយ។ ប្រភពដែលដឹងច្បបាស់ពីការចរចាបាននិយាយថា លោក Trump និងព្រះអង្គម្ចាស់អារ៉ាប៊ីសាអ៊ូឌីត នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយស្តីពីក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរស៊ីវិល។
អារ៉ាប៊ីសាអ៊ូឌីត ដែលជាប្រទេសផលិតប្រេងកំពូលមួយរបស់ពិភពលោកនិយាយថា ខ្លួនមានបំណងធ្វើពិពិធកម្មពីឥន្ធនៈហ្វូស៊ីល ហើយកំពុងស្វែងរកបច្ចេកវិទ្យាឈានមុខរបស់សហរដ្ឋអាមេរិក។

ប៉ុន្តែកិច្ចព្រមព្រៀងបែបនេះស្ថិតនៅក្រោមច្បាប់ដ៏តឹងរ៉ឹងប្រឆាំងការរីកសាយអាវុធ ហើយសភានឹងត្រូវបានរំពឹងថានឹងពិនិត្យលម្អិតលើកិច្ចព្រមព្រៀងពេញលេញណាមួយ។ ប្រទេសអារ៉ាប៊ីសាអ៊ូឌីតនិយាយថា ខ្លួនមិនស្វែងរកអាវុធនុយក្លេអ៊ែរទេ ហើយកាលពីពេលថ្មីៗនេះ ខ្លួនបានចូលរួមក្នុងភាពជាដៃគូការពារជាតិជាមួយប្រទេសប៉ាគីស្ថានដែលជាប្រទេសមហាអំណាចនុយក្លេអ៊ែរ។