ក្រុមអ្នកតវ៉ាជាង២សែននាក់បានចេញធ្វើបាតុកម្មកាលពីថ្ងៃច័ន្ទ ទី១៧ ខែវិច្ឆិកា សម្រាប់ថ្ងៃទី២ នៃបាតុកម្មប្រឆាំងអំពើពុករលួយនៅក្នុងប្រទេសហ្វីលីពីន ដោយទាមទារឱ្យមានការទទួលខុសត្រូវជុំវិញការចោទប្រកាន់ពីអំពើពុករលួយនៅក្នុងគម្រោងកាត់បន្ថយទឹកជំនន់។ ភាពចម្រូងចម្រាស ដែលបានរារាំងទំនុកចិត្តរបស់អ្នកវិនិយោគ ត្រូវបានស្តីបន្ទោសដោយអ្នកវិភាគមួយចំនួនថាជាកត្តានៅពីក្រោយកំណើនសេដ្ឋកិច្ចទាប ខណៈដែលការចំណាយសាធារណៈមានភាពយឺតយ៉ាវ។

បាតុករជាច្រើននាក់ បានបង្កើតតង់ដែលស្នាក់នៅរហូតដល់ថ្ងៃអង្គារនេះ ជាការបញ្ចប់ការតវ៉ាដែលបានទាក់ទាញមនុស្សជាង៦សែនចាប់តាំងពីបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យ ។

ការប្រមូលផ្តុំគ្នាទាំងពីរថ្ងៃនេះ ភាគច្រើនធ្វើឡើងដោយសន្តិវិធី ទោះបីជាអ្នកចូលរួមសម្តែងការខកចិត្តចំពោះការសាកសួរដែលពួកគេបានពិពណ៌នាថាគ្មានប្រសិទ្ធភាពចំពោះភាពមិនប្រក្រតីនៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក៏ដោយ។ អ្នកតវ៉ាម្នាក់ក្នុងចំណោមអ្នកតវ៉ាជាច្រើនបាននិយាយថា «យើងកំពុងអំពាវនាវឱ្យរដ្ឋាភិបាលអនុវត្តការស៊ើបអង្កេតពិតប្រាកដ ស្មោះត្រង់ និងមិនបិទបាំងចំពោះនរណាម្នាក់ដែលពាក់ព័ន្ធនឹងភាពមិនប្រក្រតី» ។
ប្រធានាធិបតី លោក Ferdinand Marcos Jr បានប្តេជ្ញាថា អ្នកទាំងឡាយដែលទទួលខុសត្រូវចំពោះគម្រោងដែលមានកំហុសនឹងត្រូវដាក់ពន្ធនាគារមុនថ្ងៃបុណ្យណូអែល។
លោក Marcos បានបង្កើតគណៈកម្មការមួយក្រុមដើម្បីស៊ើបអង្កេតអំពើពុករលួយដែលត្រូវបានចោទប្រកាន់នៅក្នុងគម្រោងនានា ដែលផ្តោតលើការគ្រប់គ្រងទឹកជំនន់។