ប្រធានប្រព័ន្ធផ្សព្វផ្សាយ BBC នៅថ្ងៃចន្ទ ទី ១៧ ខែវិច្ឆិកា បានប្ដេជ្ញាថានឹងប្រឆាំងទៅនឹងណ្តឹងទាមទារ១ពាន់លានដុល្លារ ដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានគម្រាមនាំយកមកប្រឆាំងប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសមួយនេះពីបទបរិហារកេរ្តិ៍។

លោក Samir Shah បាននិយាយនៅក្នុងសារមួយទៅកាន់បុគ្គលិក ក្នុងពេលមានវិវាទបង្កឡើងដោយកម្មវិធីរបស់ BBC ដែលបានកែសម្រួលសុន្ទរកថារបស់លោក Trump ថា «ខ្ញុំចង់ច្បាស់លាស់ជាមួយអ្នក ជំហររបស់យើងមិនផ្លាស់ប្តូរទេ។ ពុំមានមូលដ្ឋានសម្រាប់ករណីបរិហារកេរ្តិ៍ឡើយ ហើយយើងប្តេជ្ញាប្រឆាំងនឹងករណីនេះ»។

លោក Trump បាននិយាយកាលពីថ្ងៃសុក្រថា លោកនឹងប្តឹងប្រព័ន្ធផ្សព្វផ្សាយ BBC ទាមទាររហូតដល់៥ ពាន់លានដុល្លារអាមេរិក បន្ទាប់ពីទូរទស្សន៍អង់គ្លេសមួយនេះបានសូមអភ័យទោស ប៉ុន្តែបាននិយាយថា ខ្លួននឹងមិនសងការខូចខាតសម្រាប់ការកែសម្រួលដែលយល់ច្រឡំនោះទេ។ ទូរទស្សន៍មួយនេះបានច្រានចោលការអះអាងពីការបរិហារកេរ្តិ៍តាមផ្លូវច្បាប់របស់លោក Trump ប៉ុន្តែលោកប្រធានាធិបតីទំនងជាបានប្តេជ្ញាថានឹងមិនអនុញ្ញាតឱ្យបញ្ហានេះនៅស្ងៀមឡើយ ទោះបីជាបន្ទាប់ពីការចាកចេញរបស់នាយកប្រតិបត្តិជាន់ខ្ពស់របស់ BBC និងខណៈមានភាពចម្រូងចម្រាសគំរាមកំហែងដល់ទំនាក់ទំនងរវាងទីក្រុងឡុងដ្រ៍ក៏ដោយ។
លោក Trump បានប្រាប់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One ថា «យើងនឹងប្តឹងពួកគេទាមទារចន្លោះពីមួយពាន់លានទៅប្រាំពាន់លានដុល្លារ ប្រហែលជានៅសប្តាហ៍ក្រោយ។ ខ្ញុំគិតថា ខ្ញុំត្រូវតែធ្វើវា»។