ភ្នំពេញ៖ កម្មករ-កម្មការិនី ដែលកំពុងបម្រើការងារក្នុងរោងចក្រ សហគ្រាស នៅរាជធានីភ្នំពេញ មានប្រមាណ ៣៣ម៉ឺននាក់ ក្នុងនោះជិត៥ម៉ឺននាក់ មិនទាន់បានទទួលការចាក់វ៉ាក់សាំងដូសទី៣ ខណៈអ្នកផ្សេងទៀត បានចាក់វ៉ាក់សាំងដូសទី៣រួចរាល់។ យ៉ាងណាក៏ដោយ ការចាក់វ៉ាក់សាំងដូសទី៣ ជូនកម្មករ-កម្មការិនី នៅភ្នំពេញនឹងសម្រេចបាន ១០០ភាគរយ ក្នុងរយៈពេលពីរសប្តាហ៍ទៀត។
នៅថ្ងៃទី១៧ខែកុម្ភៈនេះ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ បានប្រាប់BTVថា តាមការគ្រោងទុក ការចាក់វ៉ាក់សាំងដូសទី៣ ជូនកម្មករ-កម្មការិនី បម្រើការងារ នៅភ្នំពេញ អាចនឹងសម្រេចបាន ១០០ភាគរយ ក្នុងរយៈពេលពីរសប្តាហ៍ទៀត ខណៈកម្មករ កម្មការិនី ប្រមាណជិត ៥ម៉ឺននាក់ប៉ុណ្ណោះ មិនទាន់ទទួលបានការចាក់វ៉ាក់សាំង។ ដោយឡែកនៅតាមបណ្តាខេត្ត ការចាក់វ៉ាក់សាំងដូសទី៣ ជូនកម្មករ កម្មការិនី សម្រេចបាន ៦០ភាគរយហើយដែរ។
កន្លងទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងដល់ថៅកែរោង ចក្រ-សហគ្រាសទាំងអស់ នៅក្នុងប្រទេសកម្ពុជា ត្រូវផ្សព្វផ្សាយដល់កម្មករនិយោជិតឱ្យជ្រាបច្បាស់អំពីភាពចាំបាច់ក្នុងការចាក់វ៉ាក់សាំងដូសជំរុញ និងត្រូវសហការជាមួយកម្មករនិយោជិតរបស់ខ្លួន នៅតាមទីតាំងរោងចក្រ សហគ្រាស ឬអនុញ្ញាតឱ្យកម្មករនិយោជិតបានទៅចាក់វ៉ាក់សាំងដូសទី៣ ដូសជំរុញនៅតាមទីតាំងដែលបានកំណត់ ព្រមទាំងផ្តល់នូវការឈប់សម្រាក១ថ្ងៃ ដោយមានប្រាក់ឈ្នួល នៅថ្ងៃដែលកម្មក និយោជិត ត្រូវទៅចាក់វ៉ាក់សាំងដូសជំរុញ។
របាយការណ៍របស់ក្រសួងការងារ បានបង្ហាញថា គិតត្រឹមចុងឆ្នាំ២០២១ រោងចក្រសហគ្រាស ដែលបានចុះបញ្ជីផ្លូវការក្នុងវិស័យនេះនៅទូទាំងប្រទេសកម្ពុជា បានកើនដល់ប្រមាណជាង ១,២០០រោងចក្រ ដែលផ្តល់ការងារក្នុងប្រព័ន្ធដល់កម្មករនិយោជិតប្រមាណជិត ១លាននាក់៕ អត្ថបទ៖ ទូច សោភ័ណ