កូរ៉េខាងជើង បាននិយាយនៅថ្ងៃអង្គារ (១៨ វិច្ឆិកា) នេះថា ការឯកភាពរបស់សហរដ្ឋអាមេរិក ចំពោះការជំរុញរបស់កូរ៉េខាងត្បូង លើការសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ នឹងនាំឱ្យមានបាតុភូត "ដ៏អាក្រក់ផ្នែកនុយក្លេអ៊ែរ" នៅក្នុងតំបន់ ខណៈរិះគន់ខ្លាំងៗលើឯកសារប្រកាសរួមមួយរបស់សម្ព័ន្ធមិត្តទាំងពីរ ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងសន្តិសុខ។

នេះជាប្រតិកម្មលើកដំបូងហើយរបស់កូរ៉េខាងជើង ចំពោះឯកសារដែលទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន បានចេញផ្សាយកាលពីថ្ងៃសុក្រសប្ដាហ៍មុន ជុំវិញលទ្ធផលជំនួបកំពូល ២លើករវាងប្រធានាធិបតីកូរ៉េខាងត្បូង Lee Jae Myung និងប្រធានាធិបតីអាមេរិក Donald Trump ក្នុងខែសីហា និងខែតុលា។ នៅថ្ងៃដដែលនោះ សម្ព័ន្ធមិត្តទាំងពីរក៏ចេញសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីកិច្ចចរចាការពារជាតិប្រចាំឆ្នាំ ដែលធ្វើឡើងនៅដើមខែវិច្ឆិកា។

នៅក្នុងអត្ថបទអត្ថាធិប្បាយដ៏វែងអន្លាយមួយ ទីភ្នាក់ងារសារព័ត៌មាន KCNA របស់កូរ៉េខាងជើង បានរិះគន់ឯកសារប្រកាសរួមនេះ ថាជាការផ្ដល់ភាពផ្លូវការឱ្យជំហរប្រឈមមុខដាក់គ្នារបស់ទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង។
កូរ៉េខាងជើង ក៏បានរិះគន់ការបើកភ្លើងខៀវរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះការសាងសង់នាវាមុជទឹកនុយក្លេអ៊ែរពីទីក្រុងសេអ៊ូល ដោយហៅជំហាននេះថាជាការវិវត្តដ៏ធ្ងន់ធ្ងរមួយ ដែលធ្វើឱ្យមានអស្ថិរភាពដល់ស្ថានភាពសន្តិសុខក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និង "បណ្តាលឱ្យមានស្ថានភាពមិនអាចទៅរួចនៃការគ្រប់គ្រងនុយក្លេអ៊ែរ នៅក្នុងតំបន់"៕
