ព្រះរាជដំណើរទស្សនកិច្ចរបស់រជ្ជទាយាទអារ៉ាប៊ីសាអ៊ូឌីត ព្រះអង្គម្ចាស់ Mohammed bin Salman ទៅកាន់ទីក្រុងវ៉ាស៊ីនតោន នឹងផ្ដោតជាសំខាន់លើវិស័យការពារជាតិ ពាណិជ្ជកម្ម និងសន្តិសុខ ដែលនឹងបង្កើតបានជាជំពូកថ្មីមួយក្នុងទំនាក់ទំនងអាមេរិក -អារ៉ាប៊ីសាអ៊ូឌីត។

អារ៉ាប៊ីសាអ៊ូឌីត កំពុងរៀបចំសម្រាប់ព្រះរាជដំណើរទស្សនកិច្ចដ៏សំខាន់មួយរបស់ព្រះអង្គម្ចាស់ Mohammed bin Salman ទៅកាន់ទីក្រុងវ៉ាស៊ីនតោននៅថ្ងៃអង្គារទី១៨វិច្ឆិកានេះ ។មានរបៀបវារៈមួយចំនួន ហើយត្រូវបានគេរំពឹងថានឹងក្លាយជាសមិទ្ធផលដ៏អស្ចារ្យមួយសម្រាប់ទីក្រុងរីយ៉ាដ (Riyadh) បន្ទាប់ពីធ្វើការជាមួយរដ្ឋបាលលោក Trump ទាំងពីរអាណត្តិអស់រយៈពេលជាច្រើនឆ្នាំ។
ខណៈមនុស្សជាច្រើនអាចផ្តោតលើសំណួរនៃការទិញយន្តហោះ F-35 របស់អារ៉ាប៊ីសាអ៊ូឌីតពីសហរដ្ឋអាមេរិក និងថាតើនោះ នឹងធ្វើឱ្យទំនាក់ទំនងជាមួយអ៊ីស្រាអែលមានប្រក្រតីភាពធម្មតាឡើងវិញ ឬអត់ សារពីទីក្រុងរីយ៉ាដ ហាក់ដូចជាបន្ថយបញ្ហាទាំងនេះ។
តាមពិតទៅ សាររបស់ទីក្រុងរីយ៉ាដហាក់ដូចជាថា កិច្ចប្រជុំនៅទីក្រុងវ៉ាស៊ីនតោនគឺនិយាយអំពីការពង្រីកទំនាក់ទំនងកាន់តែធំជាមួយសហរដ្ឋអាមេរិក។ សារទាំងនោះ ពាក់ព័ន្ធនឹងវិស័យការពារជាតិ ពាណិជ្ជកម្ម ថាមពល និងសន្តិសុខ។
ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ឌុយឆេ វ៉េឡេ (Deutsche Welle) ឬហៅកាត់ថា (DW) បានរាយការណ៍ថា ដំណើរទស្សនកិច្ចនេះនឹង ផ្តោតលើផ្នែកការពារជាតិ ថាមពលនុយក្លេអ៊ែរ បច្ចេកវិទ្យា និងអ៊ីស្រាអែល។ ព្រះរាជដំណើរនេះ កើនឡើងចំពេលដ៏សំខាន់សម្រាប់សន្តិសុខក្នុងតំបន់ និងចក្ខុវិស័យកម្មវិធីសេដ្ឋកិច្ចឆ្នាំ២០៣០ របស់ព្រះអង្គម្ចាស់ បន្ទាប់ពីភាពតានតឹងដាក់គ្នា២ឆ្នាំ បង្កឡើងដោយសង្គ្រាមហ្កាហ្សា និងប្រតិបត្តិការយោធាកាន់តែធំ របស់អ៊ីស្រាអែល នៅលីបង់ ជម្លោះ១២ថ្ងៃកាលពីខែមិថុនាជាមួយអ៊ីរ៉ង់ និងការវាយប្រហារនៅទីក្រុងដូហា ប្រទេសកាតា កាលពីខែកញ្ញា៕

