សហរដ្ឋអាមេរិក គឺជាអ្នកទទួលប្រាក់កម្ចីដ៏ធំបំផុតរបស់ចិន នៅទូទាំងពិភពលោក នេះបើយោងតាមការសិក្សាមួយ ដែលបានតាមដានសកម្មភាពឥណទានរបស់ទីក្រុងប៉េកាំង ហើយបានរកឃើញថា ចិនកំពុងផ្តល់ប្រាក់កម្ចីឱ្យប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ច្រើនជាងប្រទេសកំពុងអភិវឌ្ឍ។

របាយការណ៍ដែលចេញផ្សាយនៅថ្ងៃអង្គារ (១៨ វិច្ឆិកា) នេះ ដោយវិទ្យាស្ថានស្រាវជ្រាវ AidData នៅសកលវិទ្យាល័យអាមេរិក William & Mary បាននិយាយថា ការផ្តល់ឥណទាន និងជំនួយរបស់ចិន មានចំនួនសរុប ២,២សែនកោដិដុល្លារ ទូទាំង ២០០ប្រទេស នៅគ្រប់តំបន់ទាំងអស់នៃពិភពលោក ចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០២៣។

ចិន ត្រូវបានគេមើលឃើញជាយូរមកហើយថាជាម្ចាស់បំណុលដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍ តាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ខ្លួន ប៉ុន្តែបច្ចុប្បន្ន ទីក្រុងប៉េកាំង កំពុងផ្លាស់ប្តូរឆ្ពោះទៅរកការផ្តល់ឥណទានឱ្យប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន។
ស្ថាប័ន AidData និយាយថា ទំហំផលប័ត្ររបស់ទីក្រុងប៉េកាំង គឺធំធេងជាងការប៉ាន់ប្រមាណពីមុនចំនួន ២ ទៅ ៤ដង ដោយបន្ថែមថា ចិននៅតែជាម្ចាស់បំណុលផ្លូវការធំបំផុតរបស់ពិភពលោក។ របាយការណ៍និយាយទៀតថា សហរដ្ឋអាមេរិក បានទទួលឥណទានផ្លូវការធំបំផុតពីចិន ក្នុងទំហំច្រើនជាង ២០០ពាន់លានដុល្លារ សម្រាប់ជិត ២.៥០០នៃគម្រោង និងសកម្មភាពនានា៕