ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ជាដំណើរទស្សនកិច្ចដ៏មានសារសំខាន់ និងជាលក្ខណៈពិសេសមួយនៃផ្នែកការទូត ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី សម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការនូវស្ពានចំនួន៧កន្លែង នៃគម្រោងសាងសង់ស្ពានឡើងវិញបន្ទាន់ នៅតំបន់ប្រឈមនឹងទឹកជំនន់ ក្រោមហិរញ្ញប្បទានឥតសំណងពីប្រទេសជប៉ុន នៅថ្ងៃទី១៦ ខែកុម្ភៈនេះ បានថ្លែងឱ្យដឹងថា បច្ចុប្បន្នឯកឧត្តម ហ៊ុន ម៉ាណែត កំពុងបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ដោយសម្ដេច បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកាយវិការរបស់ជប៉ុន ចំពោះមេបញ្ជាការកងទ័ពជើងគោកកម្ពុជា។
សម្ដេចតេជោ បានបន្ថែមថា បញ្ហាជំងឺកូវីដ-១៩ បង្កើតឡើងនូវស្ថានភាពដ៏លំបាកក្នុងការធ្វើដំណើរទស្សនកិច្ចនៅប្រទេសជប៉ុន ប៉ុន្តែជប៉ុន បានបញ្ជូនយន្តហោះពិសេសមួយមកទទួលឯកឧត្តម ហ៊ុន ម៉ាណែត និងគណៈឞ្រតិភូ ហើយទោះបីជាទស្សនកិច្ចនេះ ក្នុងនាមជាមេបញ្ជាការកងទ័ពជើងគោក តែមានជំនួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន ឯកឧត្តម ហ្វូមីអូ គីស៊ីដា និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀតរបស់ជប៉ុន ។
សម្ដេចតេជោ បានបញ្ជាក់ថា នឹងគាំទ្រជានិច្ចនូវគម្រោងកិច្ចសហប្រតិបត្តិការលើវិស័យយោធាជា មួយប្រទេសជប៉ុន ដែលត្រៀមធ្វើនៅពេលខាងមុខ ក្នុងនោះមានសមយុទ្ធរួមគ្នាមួយ ពិសេសលើការងារសង្គ្រោះគ្រោះមហន្តរាយ ការប្រឆាំងភេរវកម្ម តែសមយុទ្ធប្រយុទ្ធគ្នា សម្ដេចមិនសូវចង់បាននោះទេ៕ អត្ថបទ៖ បាន សុខរិទ្ធ


