ទូរទស្សន៍រដ្ឋ បានរាយការណ៍ក្នុងការទទួលស្គាល់ដ៏កម្រមួយអំពីទំហំនៃវត្តមានយោធាផ្លូវការរបស់ទីក្រុងមូស្គូ នៅលើទឹកដីទ្វីបនេះថា កងទ័ពរុស្ស៊ីកំពុងធ្វើប្រតិបត្តិការ នៅក្នុងប្រទេសអាហ្វ្រិកចំនួន ៦។

ដោយប្រឈមនឹងភាពឯកោនៅលោកខាងលិច បន្ទាប់ពីការវាយលុកទ្រង់ទ្រាយធំរបស់ខ្លួន នៅអ៊ុយក្រែន ទីក្រុងមូស្គូ បានព្យាយាមកសាងភាពជាដៃគូថ្មីនៅអាហ្វ្រិក ជាកន្លែងដែលខ្លួនបាននិងកំពុងពង្រីកឥទ្ធិពលនយោបាយ សេដ្ឋកិច្ច និងយោធារបស់ខ្លួន ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

អ្នកឆ្លើយឆ្លងព័ត៌មានទូរទស្សន៍រដ្ឋម្នាក់ បាននិយាយនៅក្នុងរបាយការណ៍មួយ ដែលចាក់ផ្សាយកាលពីថ្ងៃអាទិត្យថា៖«មន្ត្រី និងទាហាននៃអង្គភាពកងកម្លាំងប្រដាប់អាវុធរុស្ស៊ី កំពុងធ្វើប្រតិបត្តិការ នៅក្នុងប្រទេសអាហ្វ្រិកចំនួន ៦ រួចហើយ»។
កងទ័ព ឬគ្រូបង្វឹកយោធារុស្ស៊ី ត្រូវបានគេរាយការណ៍ថា ត្រូវបានដាក់ពង្រាយបន្ថែម នៅក្នុងប្រទេសបួគីណាហ្វាសូ នីហ្សេ ហ្គីណេអេក្វាទ័រ សាធារណរដ្ឋអាហ្វ្រិកកណ្តាល និងលីប៊ី។
ប្រភពការទូតនៅក្នុងតំបន់ Sahel បានប្រាប់សារព័ត៌មាន AFP កាលពីខែមិថុនាថា អង្គភាពកងទ័ពនៅអាហ្វិ្រករបស់ក្រសួងការពារជាតិរុស្ស៊ី បានទទួលយកក្រុមយោធាប៉ារ៉ា Wagner នៅទូទាំងទ្វីបនេះ៕