អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសរុស្ស៊ីគ្មានអ្នកគាំទ្រទាល់តែសោះចំពោះការប្រឈមមុខដាក់គ្នា ដែលអាចកើតមានជាមួយកងកម្លាំងនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ)ទេ។

លោក Peskov បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ ដោយធ្វើអត្ថាធិប្បាយអំពីសេចក្តីថ្លែងការណ៍ថ្មីៗនេះរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius ថា លទ្ធភាពសង្គ្រាមរវាងរុស្ស៊ី និងអង្គការណាតូ ត្រូវបានសន្មតថា អាចនឹងកើតឡើង នៅមុនឆ្នាំ ២០២៩។

កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ក្នុងបទសម្ភាសន៍ជាមួយកាសែតអាល្លឺម៉ង់ Frankfurter Allgemeine Zeitung លោក Pistorius បានព្រមានថា ការប្រឈមមុខដាក់គ្នារវាងរុស្ស៊ី និងណាតូ អាចនឹងកើតឡើង នៅមុនចុងទសវត្សរ៍នេះ។
ប្រមុខការពារជាតិអាល្លឺម៉ង់រូបនេះ បានបញ្ជាក់ជាពិសេសថា៖ «តាមប្រពៃណី យើងបានលើកឡើងពីឆ្នាំ២០២៩ ជាពេលវេលាដែលអាចកើតមាន ប៉ុន្តែការវាយតម្លៃបច្ចុប្បន្នបង្ហាញពីលទ្ធភាព នៅដើមឆ្នាំ២០២៨។ អ្នកវិភាគយោធាមួយចំនួន អះអាងថា យើងប្រហែលជាទើបតែជួបប្រទះរដូវក្តៅមានសន្តិភាពចុងក្រោយរបស់យើង»។ លោកបានបន្ថែមថា អង្គការណាតូ រក្សាបាននូវ «សមត្ថភាពទប់ស្កាត់ដ៏រឹងមាំ» រួមទាំងកងកម្លាំងនុយក្លេអ៊ែរផងដែរ៕