រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Badr Abdelatty បានជួបសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃចន្ទ ជាមួយសមភាគីស៊ូដង់របស់ខ្លួន គឺលោក Mohi El-Din Salem ដើម្បីពិភាក្សាអំពីវិធីជំរុញកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការដោះស្រាយវិបត្តិស៊ូដង់ដ៏ធ្ងន់ធ្ងរនេះ។
លោក Abdelatty បានបញ្ជាក់ជាថ្មីនូវជំហររឹងមាំរបស់អេហ្ស៊ីប ក្នុងការគាំទ្រដល់ឯកភាពរបស់ស៊ូដង់ និងការអភិរក្សស្ថាប័នជាតិរបស់ខ្លួន ដោយសង្កត់ធ្ងន់លើការបដិសេធទាំងស្រុងរបស់ទីក្រុងគែរ ចំពោះការប៉ុនប៉ងណាមួយ ដើម្បីបែងចែកប្រទេសនេះ ឬធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាពរបស់ខ្លួន។

លោក Abdelatty បានថ្កោលទោសចំពោះអំពើឃោរឃៅថ្មីៗនេះ ដែលបានប្រព្រឹត្តនៅទីក្រុង El-Fasher ដោយបង្ហាញពីសាមគ្គីភាពរបស់អេហ្ស៊ីប ជាមួយប្រជាជនស៊ូដង់ និងបញ្ជាក់ជាថ្មីនូវការគាំទ្រចំពោះ «រដ្ឋាភិបាលនៃក្តីសង្ឃឹម»ដែលទទួលស្គាល់ពីអន្តរជាតិ ដឹកនាំដោយលោក Kamel Idris។

លោក Abdelatty ក៏បានពិភាក្សាអំពីតម្រូវការបន្ទាន់ ក្នុងការបង្កើតច្រករបៀងមនុស្សធម៌ដ៏មានប្រសិទ្ធភាពមួយ ដើម្បីធានាបាននូវការផ្តល់ជំនួយ រួមជាមួយនឹងការពង្រីកជំនួយសង្គ្រោះ និងកិច្ចសហប្រតិបត្តិការកាន់តែប្រសើរឡើង ជាមួយអង្គការសហប្រជាជាតិ សហភាពអាហ្វ្រិក និងក្រុមភ្នាក់ងារមនុស្សធម៌។
លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុវត្តសេចក្តីថ្លែងការណ៍ដោយប្រទេសចំនួន ៤ យ៉ាងពេញលេញ ដែលចេញដោយប្រទេសអេហ្ស៊ីប អារ៉ាប៊ីសាអ៊ូឌីត អារ៉ាប់រួម និងសហរដ្ឋអាមេរិក ដែលគូសបញ្ជាក់ពីគោលការណ៍មួយចំនួន ដើម្បីបញ្ចប់ជម្លោះនេះ៕