អឺរ៉ុប៖ មន្ត្រីអង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃអង្គារបានជំរុញឱ្យរដ្ឋាភិបាលក្នុងបណ្តាប្រទេសនៅអឺរ៉ុបខាងកើត កុំបន្ធូរបន្ថយវិធានការរឹតត្បិតវីរុស COVID-19 ឆាប់រហ័សពេក ខណៈវីរុសបំប្លែងខ្លួនថ្មី Omicron នៅរាលដាល។ លោក Hans Kluge នាយកប្រចាំតំបន់នៃអង្គការសុខភាពពិភពលោកបាននិយាយថា ដោយប្រឈមមុខទៅនឹងរលកវីរុសបំប្លែងខ្លួន Omicron ហើយជាមួយនឹងវីរុសបំប្លែងខ្លួន Delta នៅតែរាលដាលខ្លាំងនៅភាគខាងកើត ស្ថានភាពដ៏គួរឱ្យព្រួយបារម្ភនេះមិនមែនជាពេលវេលា ដើម្បីដកចេញវិធានការដែលយើងដឹងថា មានប្រសិទ្ធភាពក្នុងការកាត់បន្ថយការរាលដាលវីរុស COVID-19។

ដោយសារតែភាពខុសគ្នាជាក់ស្តែងនៃការចាក់វ៉ាក់សាំងនៅក្នុងតំបន់អឺរ៉ុប លោក Kluge បានជំរុញឱ្យរដ្ឋាភិបាលនៅភាគខាងកើត កុំប្រជែងតាមរដ្ឋាភិបាលប្រទេសលោកខាងលិច ដោយការបើកសង្គមរបស់ពួកគេឡើងវិញមុនពេលកំណត់។ ជំនួសមកវិញលោក Kluge បានអំពាវនាវឱ្យរដ្ឋាភិបាលបង្កើនការចាក់វ៉ាក់សាំង ជំរុញការធ្វើតេស្តដោយខ្លួនឯង និងការការពារខ្លួនបន្ថែមទៀតបង្កើនការព្យាបាល ដោយផ្អែកលើភស្តុតាងនៅក្នុងប្រទេសទាំងអស់ និងរៀបចំផែនការជាមុនសម្រាប់បន្ទុកដែលនឹងកើនឡើងវីរុស COVID-19។ លោក Kluge បាននិយាយថា នៅទូទាំងតំបន់អឺរ៉ុបរបស់អង្គការសុខភាពពិភពលោក មកដល់បច្ចុប្បន្ននេះយើងបានកត់ត្រាករណីឆ្លងវីរុស COVID-19 ច្រើនជាង ១៦៥លានករណី។ វានៅតែជាជំងឺដ៏កាចសាហាវ ខណៈប្រជាជន ១.៨លាននាក់បានបាត់បង់ជីវិត ហើយ ២៥.០០០នាក់បានស្លាប់កាលពីសប្តាហ៍មុន។
លោក Kluge បាននិយាយថា រលកវីរុសបំប្លែងខ្លួន Omicron ដូចដែលបានរំពឹងទុកកំពុងរាលដាលទៅទិសខាងកើត នៅពេលដែលរដ្ឋសមាជិកភាគខាងកើតចំនួន ១០ បានរកឃើញវីរុសបំប្លែងខ្លួនថ្មីនេះ។ លោក Kluge បាននិយាយថា ការចាក់វ៉ាក់សាំងនៅតែជាការការពារល្អបំផុតរបស់យើងប្រឆាំងជំងឺធ្ងន់ធ្ងរ និងការស្លាប់ដោយសារវីរុសបំប្លែងខ្លួននៃវីរុស COVID-19 ដែលកំពុងរាលដាល។ ទោះជាយ៉ាងណាមនុស្សជាច្រើនដែលមានហានិភ័យខ្ពស់នៅតែមិនត្រូវបានការពារ៕
អត្ថបទ៖ ប៊ុនថន