ក្រសួងការបរទេសស៊ីរីកាលពីថ្ងៃចន្ទ បានបដិសេធរបាយការណ៍មួយដោយទីភ្នាក់ងារសារព័ត៌មានបារាំង AFP ដែលសង្ស័យថា ទីក្រុងដាម៉ាសមានបំណងប្រគល់យុទ្ធជនអ៊ុយហ្គ័រទៅឲ្យប្រទេសចិន។

ប្រភពផ្លូវការមួយ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA ថា៖«គ្មានការពិត» ចំពោះការអះអាងរបស់ សារព័ត៌មាន AFP ដែលបានដកស្រង់ប្រភពស៊ីរីដែលមិនបញ្ចេញឈ្មោះ ដែលនិយាយថា ការប្រគល់នេះ នឹងធ្វើឡើងជាបាច់ៗ តាមការស្នើសុំរបស់ទីក្រុងប៉េកាំង។

ការបដិសេធនេះ បានកើតឡើង នៅពេលដែលរដ្ឋមន្ត្រីការបរទេសស៊ីរីលោក Asaad Hassan Al-Shaibani បានជួបពិភាក្សានៅទីក្រុងប៉េកាំង ជាមួយសមភាគីចិនរបស់ខ្លួន គឺលោក Wang Yi ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោក ទៅកាន់ប្រទេសចិន ចាប់តាំងពីការបង្កើតរដ្ឋាភិបាលថ្មីរបស់ស៊ីរី។ ការពិភាក្សាបានផ្តោតលើការពង្រឹងទំនាក់ទំនងទ្វេភាគី និងការពង្រីកកិច្ចសហប្រតិបត្តិការ។
លោក Shaibani បានពិពណ៌នាអំពីដំណើរទស្សនកិច្ចនេះថា ជា «ជំហានដ៏សំខាន់មួយ» ឆ្ពោះទៅរកការជំរុញភាពជាដៃគូស៊ីរី-ចិន ដោយនិយាយថា ការពិភាក្សាបានបើកឱកាសយ៉ាងទូលំទូលាយសម្រាប់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញ នៅក្នុងប្រទេសស៊ីរី។ លោកស្វាគមន៍ចំពោះការគាំទ្ររបស់ចិនចំពោះឯកភាព អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ស៊ីរី ដោយនិយាយថា វាឆ្លុះបញ្ចាំងពីដំណាក់កាលថ្មីនៃកិច្ចសហប្រតិបត្តិការដែលបង្កើតឡើង ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក និងសកម្មភាពរួមគ្នា៕