ទូកក្តោង៖ ការប្រកួតកីឡាទូកក្ដោងជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១ បានបញ្ចប់ដោយជោគជ័យ បន្ទាប់ពីសហព័ន្ធអនុវត្តតាមនិយាមអន្តរជាតិដើម្បីពង្រឹងសមត្ថភាព ទាំងមន្ត្រីបច្ចេកទេស និងកីឡាករ-កីឡាការិនី សម្រាប់ត្រៀមចូលរួមព្រឹត្តិការណ៍អន្ដរជាតិនានា ពិសេសដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។

លោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការសហព័ន្ធកីឡាទូកក្ដោងកម្ពុជាបានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ប្រចាំឆ្នាំដែលឧបត្ថម្ភគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡាលើកនេះ សហព័ន្ធបានរៀបចំតាមលក្ខណៈស្ដង់ដារអន្ដរជាតិ ទាំងលក្ខណៈបច្ចេកទេស និងការដាក់ពិន្ទុ ពិសេសក្រោយទទួលបានបទពិសោធន៍ក្នុងការប្រកួតជើងឯកអាស៊ាន កាលពីចុងឆ្នាំ២០២១ កន្លងទៅ។ តាមរយៈនេះបានជំរុញការប្រកួតឲ្យដំណើរការយ៉ាងរលូន ស្របតាមបច្ចេកទេសស្ដង់ដារ ហើយកីឡាករ-កីឡាការិនីក៏មានបង្ហាញសមត្ថភាពរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ។ ដូច្នេះក្រោយចប់ការប្រកួតសហព័ន្ធរំពឹងថា វិស័យកីឡាទូកក្ដោងកម្ពុជានឹងកាន់តែរីកចម្រើនមួយកម្រិតបន្ថែមទៀត ដើម្បីឆ្ពោះទៅរកភាពស្មើមុខមាត់លើឆាកអន្ដរជាតិ និងការប្រជែងមេដាយជូនជាតិនាថ្ងៃអនាគតផងដែរ។
លោកបន្ដថា ការប្រកួតនេះចាប់ផ្ដើមពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកុម្ភៈនៅតំបន់ឆ្នេររាមនាខេត្តព្រះសីហនុ ដោយមានកីឡាករ ២៣នាក់មកពី ៣ក្លិបចូលរួមគឺក្លិបកីឡាទូកក្ដោងខេត្តកែប ក្លិបកីឡាទូកក្ដោងសុខា និងក្លិបកីឡាទូកក្ដោងតារាសាគរ ដែលប្រកួតលើ ៤វិញ្ញាសា។ ជាលទ្ធផលបច្ចេកទេសសម្រាប់វិញ្ញាសា Windsurfing RS:One លេខ១ កីឡាករ ប៉ាល់ សិលា, លេខ២ កីឡាករ សែម ប្រុសពៅ និងលេខ៣ កីឡាករ ហេន សុភី។ ចំណែកវិញ្ញាសា Windsurfing Techno 293 លេខ១ កីឡាករ កែវ ភារុណ, លេខ២ កីឡាករ កែវ ភានុន និងលេខ៣ កីឡាករ សុខ គុយសៀន។ វិញ្ញាសា Laser Byte លេខ១ កីឡាករ ស៊ុន ចាន់ឌឿន, លេខ២ កីឡាករ ញ៉ូវ ចាន់ និងលេខ៣ កីឡាករ ឡុច ដារ៉ុង និងវិញ្ញាសា Byte Boat លេខ១ កីឡាករ ស៊ីន សំណាង, លេខ២ កីឡាករ មាច ឫទ្ធីវង្ស និងលេខ៣ កីឡាករ ស៊ុ សរ៉ា៕
អត្ថបទ៖ លី ឈុនឡា