ម៉ាឡេស៊ី កាលពីថ្ងៃចន្ទ (១៧ វិច្ឆិកា) បានសម្រេចបិទបញ្ចប់ប្រតិបត្តិការស្វែងរក និងជួយសង្រ្គោះរយៈពេល ៩ថ្ងៃ បន្ទាប់ពីបញ្ជាក់ចុងក្រោយលើការស្លាប់យ៉ាងតិច ២៩នាក់ ក្នុងហេតុការណ៍លិចទូកដឹកជនជាតិរ៉ូហ៊ីងយ៉ា ដែលបានកើតឡើងនៅជិតដែនទឹករវាងម៉ាឡេស៊ី និងថៃ កាលពីដើមខែវិច្ឆិកា កន្លងទៅ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Bernama របស់ម៉ាឡេស៊ី បាននិយាយថា ប្រតិបត្តិការនេះ ដែលបានចាប់ផ្ដើមតាំងតែពីថ្ងៃទី៩ ខែវិច្ឆិកាមក ក្រោយហេតុការណ៍លិចទូកនៅថ្ងៃទី៦ ខែវិច្ឆិកា ត្រូវបានបិទបញ្ចប់ហើយ បន្ទាប់ពីអាជ្ញាធរធ្វើការតាមរកលើផ្ទៃសមុទ្រប្រមាណជាង ១.៧០០ម៉ាយល៍ណត់ក្រឡា។

លោក Zainudin Mohd Zuki អនុប្រធានប្រតិបត្តិការនៃទីភ្នាក់ងារដែនសមុទ្រម៉ាឡេស៊ី ក៏បានបញ្ជាក់ពីការបញ្ចប់ដំណើរការស្វែងរកនេះដោយសារពុំមានតម្រុយថ្មី ដោយនិយាយថា គិតត្រឹមថ្ងៃចន្ទដដែល ជនរងគ្រោះសរុបមាន ៤៣នាក់ ត្រូវបានរកឃើញ ដោយក្នុងនោះមានអ្នកនៅរស់ ១៤នាក់ និងអ្នកស្លាប់ ២៩នាក់។ យ៉ាងណាក៏ដោយ មន្រ្តីម៉ាឡេស៊ីរូបនេះលើកឡើងថា ប្រតិបត្តិការស្វែងរកអាចបន្តឡើងវិញ ប្រសិនបើមានដំណឹងថ្មីអំពីអ្នកបាត់ខ្លួន។
ជនជាតិរ៉ូហ៊ីងយ៉ារាប់សែននាក់ ដែលជាជនជាតិភាគតិចមូស្លីម បានរត់គេចពីមីយ៉ាន់ម៉ា ចាប់តាំងពីឆ្នាំ២០១៧មក ដោយសារការបង្រ្កាបដ៏ហិង្សាដោយយោធា និងក្រុមប្រដាប់អាវុធ។ ជនជាតិទាំងនេះជាង ១,៣លាននាក់ បានស្វែងរកការជ្រកកោននៅបង់ក្លាដែស ហើយមួយចំនួនទៀតបានជិះទូកតាមផ្លូវសមុទ្រដ៏គ្រោះថ្នាក់ទៅកាន់ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី៕

