រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយកាលពីថ្ងៃអាទិត្យ (១៦ វិច្ឆិកា) ចុងសប្ដាហ៍មុនថា ទីក្រុងតេអេរ៉ង់ លែងចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមទៀតហើយ នៅទីតាំងទាំងអស់ក្នុងប្រទេសនេះ ដោយព្យាយាមផ្តល់សញ្ញាប្រាប់លោកខាងលិចថា ខ្លួននៅតែបើកចំហចំពោះលទ្ធភាពនៃការចរចាលើកម្មវិធីនុយក្លេអ៊ែរ។
ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មាន លោក Araghchi បានផ្តល់ចម្លើយត្រង់ៗបំផុតពីរដ្ឋាភិបាលអ៊ីរ៉ង់ ទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន បន្ទាប់ពីអ៊ីស្រាអែល និងអាមេរិក បានទម្លាក់គ្រាប់បែកលើទីតាំងចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ក្នុងអំឡុងសង្គ្រាម ១២ថ្ងៃ កាលខែមិថុនា។

ប្រមុខការទូតរូបនេះបាននិយាយថា "ពុំមានការចម្រាញ់សារធាតុនុយក្លេអ៊ែរ ដែលមិនត្រូវបានប្រកាស ក្នុងប្រទេសអ៊ីរ៉ង់នោះទេ។ រោងចក្រទាំងអស់របស់អ៊ីរ៉ង់ ស្ថិតក្រោមការការពារ និងការត្រួតពិនិត្យ" របស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA។ លោកបន្តថា "ពុំមានការចម្រាញ់អ៊ុយរ៉ានីញ៉ូមនោះទេនៅពេលនេះ ដោយសារតែរោងចក្រចម្រាញ់របស់អ៊ីរ៉ង់ ត្រូវបានវាយប្រហារ"។
ទោះជាយ៉ាងនេះក្ដី លោក Araghchi បានសង្កត់ធ្ងន់ថា៖ "សិទ្ធិរបស់អ៊ីរ៉ង់ ក្នុងការចម្រាញ់សារធាតុប្រើប្រាស់ដោយសន្តិវិធីសម្រាប់បច្ចេកវិទ្យានុយក្លេអ៊ែរ រួមទាំងការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម គឺមិនអាចបដិសេធបានឡើយ"៕

