ភ្លៀងធ្លាក់យ៉ាងខ្លាំងក្លាបានគ្របដណ្ដប់ភាគកណ្តាលប្រទេសវៀតណាម កាលពីថ្ងៃចន្ទ (១៧ វិច្ឆិកា) ដោយបង្កឱ្យមានបំណាក់ដី និងទឹកជំនន់ សម្លាប់មនុស្សយ៉ាងហោចណាស់ ៧នាក់ ដោយរាប់សិបនាក់ផ្សេងទៀតរងរបួស និងមនុស្សរាប់ពាន់នាក់បានរងផលប៉ះពាល់។
គ្រោះមហន្តរាយធម្មជាតិនេះបានបង្កការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយនៅទូទាំងតំបន់ភាគកណ្តាល ដែលកាលពីប៉ុន្មានសប្តាហ៍មុន បានរងគ្រោះរួចមកហើយពីជំនន់ទឹកភ្លៀងដ៏ធំ និងខ្យល់ព្យុះទីហ្វុង Kalmaegi ដ៏មានឥទ្ធិពល។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរាយការណ៍ថា ខេត្តរងគ្រោះខ្លាំងបំផុតគឺ Khanh Hoa ដែលជាតំបន់ឆ្នេរមួយសម្បូរទៅដោយដីជម្រាលភ្នំ។ ខេត្តនេះបានកត់ត្រាភ្លៀងធ្លាក់ខ្លាំងបំផុតមួយក្នុងពេលជាច្រើនឆ្នាំ កាលពីយប់ថ្ងៃអាទិត្យកន្លងទៅ ដោយបង្កជាបំណាក់ដីនៅតាមតំបន់ភ្នំ គ្របសង្កត់លើរថយន្តក្រុងមួយគ្រឿង ដែលដឹកអ្នកដំណើរ ៣២នាក់ ហើយបង្កការស្លាប់ និងរបួសជាច្រើន។
ភ្លៀងធ្លាក់ខ្លាំងត្រូវព្យាករថានឹងបន្តរហូតដល់ថ្ងៃពុធស្អែកនេះ ហើយនឹងឡើងដល់កម្រិត ៣០ ទៅ ៦០សង់ទីម៉ែត្រ នៅក្នុងផ្នែកមួយចំនួននៃភាគកណ្តាលប្រទេសវៀតណាម ជាមួយនឹងតំបន់ខ្លះទំនងជាទទួលបានទឹកភ្លៀងលើសពី ៨៥សង់ទីម៉ែត្រ៕


