បណ្ដាមន្ត្រីមកពីប្រទេសចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន (ASEAN) បានគូសបញ្ជាក់ពីភាពជាដៃគូថា ជាប្រភពដ៏សំខាន់នៃស្ថិរភាពនៅក្នុងពិភពលោកដ៏ច្របូកច្របល់ ដោយអំពាវនាវឲ្យមានការធ្វើឲ្យស្របគ្នានូវចក្ខុវិស័យអភិវឌ្ឍន៍ ដើម្បីកសាងសហគមន៍ចិន-អាស៊ានឲ្យកាន់តែជិតស្និទ្ធដែលមានអនាគតរួមគ្នា។

កាលពីថ្ងៃចន្ទ (ទី១៧ ខែវិច្ឆិកា) អំឡុងពេលថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍សប្តាហ៍អាស៊ាន-ចិន (ASEAN-China Week) នាឆ្នាំនេះ នៅទីក្រុង Fuzhou ក្នុងខេត្ត Fujian អ្នកចូលរួមបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ គឺមានសារៈសំខាន់ ខណៈដែលគោលនយោបាយឯកតោភាគីនិយម និងការបែកបាក់ខាងសេដ្ឋកិច្ច បង្កបញ្ហាប្រឈមកាន់តែខ្លាំងឡើងៗ។
មន្ត្រីទាំងអាស់បានបន្ថែមថា ការធ្វើឲ្យស្របគ្នាកាន់តែរឹងមាំ រវាងចក្ខុវិស័យអភិវឌ្ឍន៍របស់ភាគីទាំង២ នឹងបម្រើជាកម្លាំងដ៏វិជ្ជមាន សម្រាប់កំណើនទាំងក្នុងតំបន់ និងពិភពលោក។ លោក Shi Zhongjun អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ចិន នៅទីក្រុងប៉េកាំង បានជំរុញឲ្យភាគីទាំង២ ប្រែក្លាយបញ្ហាប្រឈមឲ្យទៅជាឱកាស។
លោកបានលើកឡើងថា៖ «ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ គឺស្របគ្នាយ៉ាងខ្លាំងជាមួយនឹងសេចក្តីប្រាថ្នានៃការធ្វើទំនើបភាវូបនីយកម្មរបស់ប្រទេសចិន ទាំងការផ្តល់អាទិភាពដល់ការអភិវឌ្ឍដែលផ្តោតលើមនុស្ស កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ការផ្លាស់ប្តូរបៃតង នវានុវត្តន៍ សេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន»។
គួរបញ្ជាក់ថា ដោយត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី កាលពីខែឧសភា ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ កំណត់យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងរបស់តំបន់៕
