រដ្ឋមន្ត្រីការបរទេសនីហ្សេរីយ៉ា បានប្រាប់សារព័ត៌មា AFP កាលពីថ្ងៃចន្ទថា ប្រទេសនីហ្សេរីយ៉ា កំពុងចរចាជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីការគំរាមអន្តរាគមន៍ដោយយោធារបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) លើការសម្លាប់គ្រិស្តបរិស័ទដោយក្រុមជីហាដ នៅក្នុងប្រទេសនេះ។

លោក ត្រាំ បាននិយាយកាលពីចុងខែមុនថា លោកបានចាត់ទុកប្រទេសនីហ្សេរីយ៉ា ជាប្រទេសដែលមានការព្រួយបារម្ភជាពិសេស (CPC) ដែលជាការកំណត់របស់ក្រសួងការបរទេសសម្រាប់ការរំលោភសេរីភាពសាសនា ជុំការសម្លាប់គ្រិស្តបរិស័ទដោយ «ក្រុមឥស្លាមជ្រុលនិយម» មុនពេលលោកចេញការគំរាមវាយប្រហារ។
រដ្ឋមន្ត្រីការបរទេសលោក Yusuf Tuggar បាននិយាយនៅក្នុងបទសម្ភាសន៍មួយ នៅរដ្ឋធានី Abuja ថា៖ «អ្វីដែលយើងកំពុងពិភាក្សា គឺរបៀបដែលយើងអាចសហការគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមសន្តិសុខដែល ជាផលប្រយោជន៍របស់ភពផែនដីទាំងមូល»។
នៅដើមខែវិច្ឆិកានេះ លោក ត្រាំ បាននិយាយថា លោកបានស្នើសុំឲ្យមន្ទីរបញ្ចកោណរៀបចំផែនការវាយប្រហារដែលអាចធ្វើទៅបាន នៅក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុត នៅទ្វីបអាហ្វ្រិក ពីព្រោះពួកឥស្លាមជ្រុលនិយម កំពុង «សម្លាប់គ្រិស្តបរិស័ទ និងសម្លាប់ពួកគេ ក្នុងចំនួនដ៏ច្រើន»។
នៅពេលសួរថាតើលោកគិតថាទីក្រុងវ៉ាស៊ីនតោន នឹងបញ្ជូនយោធាទៅវាយប្រហារឬអត់ លោក Tuggar បាននិយាយថា៖«ទេ ខ្ញុំមិនគិតដូច្នេះទេ»៕
