បាល់ទាត់៖ ក្រុមសេះបង្កង់ Juventus បានយកឈ្នះនៅទឹកដី Cagliari ៣-១ យប់មិញនេះដែល ៣គ្រាប់នេះធ្វើបានដោយ Cristiano Ronaldo ដែលធ្វើឲ្យចំនួនគ្រាប់របស់ខ្សែប្រយុទ្ធព័រទុយហ្កាល់រូបនេះ ឡើងផុតវីរបុរសបាល់ទាត់ប្រេស៊ីល Pele ជាផ្លូវការ។

អតីតខ្សែប្រយុទ្ធរបស់ Manchester United និង Real Madrid រូបនេះធ្វើបាន ៣គ្រាប់ម្នាក់ក្នុង ៣២នាទីដំបូងនៃវគ្គទី១ ដែលធ្វើឲ្យគ្រាប់បាល់សរុបក្នុងអាជីពរបស់គេមាន ៧៧០គ្រាប់ លើស Pele ៣គ្រាប់។ លោក Pele បានបង្ហោះលើបណ្តាញសង្គម Instagram លើកសរសើរមិនដាច់ពីមាត់ពី Ronaldo និងអបអរសាទរ Ronaldo ដែលបានបំបែបកំណត់ត្រារបស់លោក។

៧៦៧គ្រាប់របស់ Pele ត្រូវបានគេរាប់ថា ជាចំនួនគ្រាប់បាល់ច្រើនបំផុតលើលោក សហព័ន្ធបាល់ទាត់នៃប្រទេសឆេកបានអះអាងថា អតីតខ្សែប្រយុទ្ធអូទ្រីស និងឆេកូស្លូវ៉ាគី Josef Bican ឯណោះទេជាអ្នកស៊ុតច្រើនជាងគេមានសរុប ៨២១គ្រាប់៕
អត្ថបទ៖នាង សុភាវុធ