រដ្ឋាភិបាលកូរ៉េខាងត្បូង បានសម្រេចធ្វើស្តង់ដារការដាក់លំដាប់ឈ្មោះជាផ្លូវការ សម្រាប់ប្រទេសអាស៊ីឦសានទាំង៣ គឺ «កូរ៉េខាងត្បូង ចិន និងជប៉ុន» ជាចំណាត់ការដែលក្រុមអ្នកវិភាគមើលឃើញថា ជាកិច្ចខិតខំប្រឹងប្រែង ដើម្បីកែលម្អទំនាក់ទំនងជាមួយប្រទេសចិន។
មន្ត្រីម្នាក់មកពីការិយាល័យលោកប្រធានាធិបតី Lee Jae-myung បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Yonhap កាលពីថ្ងៃអាទិត្យថា ការធ្វើឲ្យស្របនូវការដាក់លំដាប់ឈ្មោះ ជាមួយសញ្ញាណដែលត្រូវបានប្រើប្រាស់ដោយទូទៅបំផុត មានគោលបំណងលុបបំបាត់ភាពចម្រូងចម្រាសដែលមិនចាំបាច់។

មន្ត្រីរូបនេះបានឲ្យដឹងបន្តថា រដ្ឋបាលមុនរបស់លោកប្រធានាធិបតី Yoon Suk-yeol បានបង្កឲ្យមាន «ការជជែកវែកញែកដ៏គួរឲ្យធុញទ្រាន់» អំពីឈ្មោះប្រទេសណាដែលឈរនៅជិតទីក្រុងសេអ៊ូល។ បើទោះបីជាលំដាប់ឈ្មោះ «កូរ៉េខាងត្បូង ចិន និងជប៉ុន» ត្រូវបានប្រើប្រាស់ជាទូទៅក្នុងប្រទេសកូរ៉េខាងត្បូងក៏ដោយ ក៏រដ្ឋបាលរបស់លោក Yoon មាននិន្នាការឆ្លាស់គ្នា រវាង «កូរ៉េខាងត្បូង ជប៉ុន និងចិន» និង «កូរ៉េខាងត្បូង ចិន និងជប៉ុន»។
ចាប់តាំងពីកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ក្នុងខែកញ្ញា ឆ្នាំ២០២៣ រដ្ឋបាលរបស់លោក Yoon បានប្រើប្រាស់លំដាប់ឈ្មោះ «កូរ៉េខាងត្បូង ជប៉ុន និងចិន»។ នាពេលនោះ ការិយាល័យប្រធានាធិបតី បានឲ្យដឹងថា ការផ្លាស់ប្តូរនេះ គឺជាផ្នែកមួយនៃគោលនយោបាយរបស់ខ្លួន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក និងជប៉ុន។
ស្តង់ដារដាក់ឈ្មោះថ្មី ដែលបានណែនាំដោយរដ្ឋបាលរបស់លោក Lee បានកើតមានឡើងបន្ទាប់ពីមានការសង្កត់ធ្ងន់ថ្មីៗរបស់លោក ជុំវិញការស្តារទំនាក់ទំនងជាមួយប្រទេសចិន។ បន្ទាប់ពីជួបជាមួយប្រធានាធិបតីចិន លោក Xi Jinping កាលពីថ្ងៃទី១ ខែវិច្ឆិកា លោក Lee បាននិយាយថា ប្រទេសទាំង២ បានឆ្លងកាត់បញ្ហាប្រឈមផ្សេងៗគ្នា ប៉ុន្តែលោកជឿជាក់ថា ទំនាក់ទំនងមិត្តភាព និងប្រវត្តិសាស្ត្រដ៏ជ្រាលជ្រៅដែលប្រទេសទាំង២ បានកសាងជាមួយគ្នា មិនសាបសូន្យឡើយ៕
