មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឲ្យដឹងកាលពីថ្ងៃចន្ទ (ទី១៧ ខែវិច្ឆិកា)ថា ខ្លួនបានគ្រោងនូវ «កម្មវិធីចូលរួមយ៉ាងខ្លាំងក្លា» ជាមួយស៊ីរី ដើម្បីជួយឲ្យប្រទេសនេះកសាងសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ប៉ុន្តែសេចក្តីថ្លែងការណ៍ដែលបានចេញនៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចរបស់បុគ្គលិក IMF នៅទីក្រុងដាម៉ាស មិនបាននិយាយអំពីការពិភាក្សាណាមួយ អំពីជំនួយហិរញ្ញវត្ថុសម្រាប់ប្រទេសនេះឡើយ។
ជិតមួយឆ្នាំបន្ទាប់ពីកងកម្លាំងប្រឆាំងស៊ីរី បានទម្លាក់មេដឹកនាំកាន់អំណាចដ៏យូរ គឺលោក Bashar al-Assad ប្រទេសស៊ីរីកំពុងបន្តយុទ្ធសាស្ត្ររៀបចំយុទ្ធសាស្ត្រថ្មី ដោយគេចពីអ៊ីរ៉ង់ និងតម្រង់ទៅសហរដ្ឋអាមេរិក ក្រោមមេដឹកនាំថ្មី គឺលោកប្រធានាធិបតី Ahmed al-Sharaa ហើយបានចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែង ដើម្បីកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្រ្គាមស៊ីវិលរយៈពេល ១៤ឆ្នាំ។

លោក Ron van Rooden ប្រធានបេសកកម្មរបស់ IMF ប្រចាំនៅស៊ីរី បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «សេដ្ឋកិច្ចរបស់ប្រទេសស៊ីរីកំពុងបង្ហាញពីសញ្ញាងើបឡើងវិញ និងទិដ្ឋភាពល្អប្រសើរ ដែលឆ្លុះបញ្ចាំងពីភាពប្រសើរឡើងនៃទស្សនៈរបស់អតិថិជន និងវិនិយោគិន នៅក្រោមរបបថ្មីរបស់ប្រទេសស៊ីរី ការធ្វើសមាហរណកម្មបន្តិចម្តងៗរបស់ស៊ីរីជាមួយសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក ខណៈដែលទណ្ឌកម្មកំពុងត្រូវបានដកចេញ និងការវិលត្រឡប់នៃជនភៀសខ្លួនជាង ១លាននាក់»។
លោក Van Rooden បានបន្ថែមថា ការពិភាក្សាក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់បុគ្គលិក ពីថ្ងៃទី ១០-១៣ ខែវិច្ឆិកា ផ្តោតលើការបង្កើតថវិការដ្ឋាភិបាលស៊ីរីឆ្នាំ២០២៦ ដែលមានបំណងបង្កើនការចំណាយលើតម្រូវការចាំបាច់ ខណៈពេលដែលធានាបាននូវចំណូល និងហិរញ្ញវត្ថុប្រកបដោយមហិច្ឆតា ប៉ុន្តែជាក់ស្តែង។
IMF បានបញ្ជាក់ថា បុគ្គលិករបស់ស្ថាប័ន នឹងផ្តល់ជំនួយបច្ចេកទេស ដើម្បីជួយកែលម្អការគ្រប់គ្រងប្រាក់ចំណូល បញ្ចប់ច្បាប់ពន្ធថ្មី និងបង្កើតយុទ្ធសាស្រ្ត ដើម្បីដោះស្រាយបំណុលរបស់ប្រទេសស៊ីរី៕

