សភាកាណាដា កាលពីថ្ងៃចន្ទ (ទី១៧ ខែវិច្ឆិកា) បានបោះឆ្នោតគាំទ្រ ក្នុងសំឡេងដ៏ស្ដួចស្ដើង ដើម្បីអនុម័តដល់កញ្ចប់ថវិកាដំបូងរបស់លោកនាយករដ្ឋមន្ត្រី Mark Carney ដោយរារាំងដល់ការគំរាមកំហែងមិនឲ្យមានការបោះឆ្នោតលើកទី២ ក្នុងរយៈពេលមិនដល់មួយឆ្នាំ។
សមាជិកសភាបានបោះឆ្នោត ក្នុងសំឡេង ១៧០ ទល់នឹង ១៦៨ ដើម្បីអនុម័តញត្តិដែលនឹងអនុញ្ញាតឲ្យសភាចាប់ផ្តើមសិក្សាអំពីកញ្ចប់ថវិកានេះ។ ទោះបីជានឹងមានការបោះឆ្នោតផ្សេងទៀត នៅក្នុងប៉ុន្មានខែខាងមុខក៏ដោយ ក៏លទ្ធផលថ្ងៃទី១៧ ខែវិច្ឆិកា បង្ហាញថា ចុងក្រោយ កញ្ចប់ថវិកាគួរតែត្រូវបានអនុម័ត។

គណបក្សសេរីនិយមរបស់លោក Carney ខ្វះខាតអាសនៈតិចតួច សម្រាប់សំឡេងភាគច្រើន នៅក្នុងសភាដែលមាន ៣៤៣អាសនៈ ហើយត្រូវការសមាជិកសភាបក្សប្រឆាំងមួយចំនួន ដើម្បីគាំទ្រកញ្ចប់ថវិកានេះ ឬផ្ដល់សំឡេងអនុបវាទ។ ហើយនៅទីបំផុត សមាជិកសភាគណបក្សប្រឆាំងមួយចំនួនតូចបានសម្រេចមិនបោះឆ្នោតទាំងគាំទ្រ ឬប្រឆាំង។
ថវិការបស់លោក Carney ដែលជាផែនការសេដ្ឋកិច្ច សម្រាប់ឆ្នាំសារពើពន្ធបន្ទាប់ បានស្នើទ្វេដងនូវឱនភាពសារពើពន្ធ ដើម្បីទប់ទល់នឹងពន្ធរបស់សហរដ្ឋអាមេរិក ហើយផ្តល់មូលនិធិដល់កម្មវិធីការពារជាតិ និងលំនៅឋាន។
ហើយបើទោះជាវាបានស្នើឲ្យកាត់បន្ថយចំនួនបុគ្គលិករបស់រដ្ឋាភិបាលសហព័ន្ធក៏ដោយ ក៏កញ្ចប់ថវិកានេះមិនមានវិធានការរឹតត្បិតការចំណាយដូចដែលអ្នកខ្លះបានបារម្ភនោះដែរ៕
