ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា អភិបាលខេត្ត Okinawa របស់ប្រទេសជប៉ុន លោក Denny Tamaki បាននិយាយកាលពីថ្ងៃចន្ទ (ទី១៧ ខែវិច្ឆិកា)ថា ប្រជាជនជប៉ុននឹងមិនទទួលយកជាដាច់ខាត ក្នុងការពិនិត្យឡើងវិញនូវគោលការណ៍មិនមានអាវុធនុយក្លេអ៊ែរចំនួន ៣ចំណុច ឬចំណាត់ការណាមួយដែលផ្ទុយទៅនឹងកិច្ចប្រឹងប្រែងឆ្ពោះទៅរកការលុបបំបាត់អាវុធនុយក្លេអ៊ែរ។
ជាការឆ្លើយតបទៅនឹងរបាយការណ៍ ដែលថា នាយករដ្ឋមន្ត្រី លោកស្រី Sanae Takaichi កំពុងពិចារណាកែសម្រួលគោលការណ៍គ្មានអាវុធនុយក្លេអ៊ែរ ៣ចំណុចដែលមានរយៈពេលជាយូរមកហើយនោះ លោក Tamaki បានចង្អុលបង្ហាញថា ជប៉ុនគឺជាប្រទេសតែមួយគត់ដែលបានរងគ្រោះដោយការទម្លាក់គ្រាប់បែកបរមាណូ ដូច្នេះ ប្រជាជននឹងមិនយល់ស្របឡើយ ក្នុងការមានវិធានការនោះ។
លោក Tamaki បានបញ្ជាក់ថា «ការយល់ដឹងពីបំណងប្រាថ្នារបស់ប្រជាជន ក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរ គឺជាការទទួលខុសត្រូវរបស់នាយករដ្ឋមន្ត្រី» ហើយលោកបានបន្ថែមថា លោកសង្ឃឹមថា រដ្ឋាភិបាលនឹងពិចារណាលើបញ្ហានេះយ៉ាងម៉ត់ចត់។

ចំណែកអភិបាលក្រុង Nagasaki លោក Kengo Oishi ក៏បានបញ្ចេញសំឡេងប្រឆាំង នៅឯសន្និសីទសារព័ត៌មាននាថ្ងៃដដែលនោះដែរ ដោយសង្កត់ធ្ងន់ថា សម្រាប់កន្លែងដែលរងគ្រោះដោយការទម្លាក់គ្រាប់បែកបរមាណូ ការលើកឡើងនូវការពិចារណារបស់លោកស្រី Takaichi ពាក់ព័ន្ធនឹងការពិនិត្យឡើងវិញ លើគោលការណ៍នេះ គឺមិនអាចទទួលយកបានជាដាច់ខាត។
គួរបញ្ជាក់ថា គោលការណ៍មិនមាននុយក្លេអ៊ែរ ៣ចំណុចនោះ ដែលរួមមានការមិនកាន់កាប់ មិនផលិត និងមិនអនុញ្ញាតឲ្យមានការដាក់នូវអាវុធនុយក្លេអ៊ែរ នៅលើទឹកដីជប៉ុន ត្រូវបានប្រកាសជាលើកដំបូង នៅក្នុងសភាជប៉ុន ដោយនាយករដ្ឋមន្ត្រីជប៉ុន លោក Eisaku Sato ក្នុងឆ្នាំ១៩៦៧ ហើយត្រូវបានចាត់ទុកថា ជាគោលលទ្ធិរបស់ជាតិ៕
