កម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃអង្គារ (ទី១៨ ខេវិច្ឆិកា) បានព្រមានថា ពិភពលោកកំពុងប្រឈមនឹងវិបត្តិអត់ឃ្លានយ៉ាងធ្ងន់ធ្ងរ ដោយប្រភពជំនួយមានតិចជាងតម្រូវការឆ្ងាយ ខណៈបានលើកឡើងពីការធ្លាក់ចុះយ៉ាងខ្លាំងនូវមូលនិធិមនុស្សធម៌។
នៅក្នុងទស្សនវិស័យសកលឆ្នាំ២០២៦ របស់ខ្លួន WFP ដែលមានមូលដ្ឋាននៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី បានឲ្យដឹងថា មនុស្ស ៣១៨លាននាក់ ត្រូវបានគេរំពឹងថា នឹងប្រឈមនឹងកម្រិតវិបត្តិអត់ឃ្លាន ឬកាន់តែអាក្រក់ទៅៗ នៅឆ្នាំក្រោយ ពោលគឺជាង ២ដងនៃកម្រិតនៅឆ្នាំ២០១៩។

ទីភ្នាក់ងារនេះបានឲ្យដឹងទៀតថា ប៉ុន្តែការថមថយការផ្ដល់មូលនិធិមនុស្សធម៌ មានន័យថា WFP គ្រោងជួយបានប្រហែលត្រឹមតែ ១១០លាននាក់ប៉ុណ្ណោះនៃប្រជាជនដែលងាយរងគ្រោះបំផុត ក្នុងឆ្នាំ២០២៦ ដោយត្រូវចំណាយ ១៣ពាន់លានដុល្លារ។ ការព្យាករបច្ចុប្បន្នបង្ហាញថា ស្ថាប័នេះអាចទទួលបានត្រឹមតែពាក់កណ្ដាលប៉ុណ្ណោះនៃចំនួននោះ។
នាយកប្រតិបត្តិ WFP លោកស្រី Cindy McCain បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ពិភពលោកកំពុងជួបនឹងគ្រោះទុរ្ភិក្សក្នុងពេលដំណាលគ្នា នៅតំបន់ហ្កាហ្សា និងតំបន់ជាច្រើនរបស់ប្រទេសស៊ូដង់។ នេះគឺមិនអាចទទួលយកបានសោះឡើយ នៅក្នុងសតវត្សរ៍ទី២១»។
តាមរយៈសេចក្ដីថ្លែងការណ៍នោះ លោកស្រីបានបន្ថែមថា៖ «ភាពអត់ឃ្លានកាន់តែមានសភាពធ្ងន់ធ្ងរឡើងៗ។ យើងដឹងពីដំណោះស្រាយលឿនរហ័ស និងមានប្រសិទ្ធភាព ជួយសង្គ្រោះជីវិតមនុស្ស ប៉ុន្តែយើងត្រូវការការគាំទ្រយ៉ាងខ្លាំងក្លាបន្ថែមទៀត»។
គួរបញ្ជាក់ថា ម្ចាស់ជំនួយដ៏ធំបំផុតរបស់ WFP គឺសហរដ្ឋអាមេរិក បានកាត់បន្ថយជំនួយបរទេសរបស់ខ្លួន ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Donald Trump ហើយប្រទេសធំៗផ្សេងទៀត ក៏បានធ្វើ ឬប្រកាសកាត់បន្ថយជំនួយផងដែរ៕

