វិមានក្រឹមឡាំង បានឲ្យដឹងនៅថ្ងៃអង្គារ (ទី១៨ ខែវិច្ឆិកា) នេះថា តំណាងរុស្ស៊ី នឹងមិនចូលរួមនោះទេ ក្នុងកិច្ចចរចា ស្តីពីបញ្ហាអ៊ុយក្រែន នៅក្នុងប្រទេសទួរគី នាថ្ងៃទី១៩ ខែវិច្ឆិកា។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយនៅមុននេះថា លោកនឹងទៅប្រទេសទួរគី នៅថ្ងៃពុធ ជាការប៉ុនប៉ងស្តារឡើងវិញនូវការចរចាជាមួយរុស្ស៊ី ស្តីពីការបញ្ចប់សង្គ្រាម។ ប្រភពពីទួរគីបានឲ្យដឹងថា បេសកជនពិសេសរបស់សហរដ្ឋអាមេរិក គឺលោក Steve Witkoff នឹងចូលរួមកិច្ចពិភាក្សាដែលបានគ្រោងទុកនេះ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «ទេ ថ្ងៃស្អែក នឹងមិនមានតំណាងរុស្ស៊ីនៅក្នុងប្រទេសទួរគីឡើយ។ សម្រាប់ពេលនេះ ការប្រាស្រ័យទាក់ទងទាំងនេះ កំពុងកើតឡើងដោយគ្មានការចូលរួមពីរុស្ស៊ី»។

លោក Peskov បានបញ្ជាក់ថា លោកប្រធានាធិបតី Vladimir Putin បើកចំហ ចំពោះការសន្ទនាជាមួយសហរដ្ឋអាមេរិក និងទួរគី ស្ដីពីលទ្ធផលនៃកិច្ចចរចានោះ។
ហើយប្រភពស្និទ្ធនឹងបេសកជនពិសេសរុស្ស៊ី លោក Kirill Dmitriev បានប្រាប់សារព័ត៌មាន Reuters នៅថ្ងៃអង្គារនេះថា តំណាងរបស់លោក Putin រូបនេះ នឹងមិនចូលរួមនោះឡើយ សម្រាប់កិច្ចប្រជុំ នៅទីក្រុងអ៊ីស្តង់ប៊ុល។ ប្រភពបានបន្ថែមថា៖ «លោក Dmitriev បានពិភាក្សាប្រកបដោយផលិតភាពជាមួយប្រេសិតពិសេសរបស់សហរដ្ឋអាមេរិក លោក Steve Witkoff នៅថ្ងៃទី ២៤-២៦ ខែតុលា នៅសហរដ្ឋអាមេរិក»។
រដ្ឋសមាជិករបស់អង្គការណាតូ (NATO) គឺទួរគី ដែលបន្តរក្សាទំនាក់ទំនងស្និទ្ធស្នាលទាំងជាមួយរុស្ស៊ី និងអ៊ុយក្រែន គឺជាកន្លែងសំខាន់ សម្រាប់កិច្ចពិភាក្សា ស្តីពីការបញ្ចប់សង្គ្រាម គិតចាប់តាំងពីឆ្នាំ២០២២ មក៕

