ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជា បានឲ្យដឹងថា កម្ពុជាចាប់ពីខែមីនានេះទៅ នឹងចាប់ផ្តើមមានភ្ញៀវទេសចរវ៉ាក់សាំងអន្តរជាតិ មកទស្សនាកម្ពុជា តាមរយៈការកក់ និងការទិញកញ្ចប់ទេសចរណ៍មកទស្សនាកម្ពុជា លក្ខណៈក្រុមធំៗ នៅកម្រិតតិចតួច ហើយនឹងមានកំណើនឡើងខ្លាំង ចាប់ពីខែមិថុនា ឆ្នាំ២០២២នេះ។
បើតាម លោក ឈុន មករា ប្រធាននាយកដ្ឋានទីភ្នាក់ទេសចរណ៍ ដឹកជញ្ជូន និងមគ្គុទ្ទេសក៍ទេសចរណ៍ នៃក្រសួងទេសចរណ៍ បានថ្លែងប្រាប់BTV នៅថ្ងៃទី១៦ ខែមករានេះ ថា ក្រោយពីប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ប្រកាសបើកប្រទេសវិញនៅថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០២១មក រហូតមកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២នេះ មានជើងហោះពីបណ្តាប្រទេសមកកាន់កម្ពុជា មានប្រមាណជាង ៣២៦ជើង កើនឡើងជិត២០% ។
ចាប់តាំងពីខែមករាដើម ឆ្នាំ២០២២ នេះមក កម្ពុជា ចាប់ផ្តើមមានភ្ញៀវទេសចរវ៉ាក់សាំងអន្តរជាតិមកទស្សនាកម្ពុជាតាមកញ្ចប់ទេសចរណ៍ជាបណ្តើរៗតែក្នុងកម្រិតតិចតួច ជាពិសេសភ្ញៀវមកពីតាមតំបន់អឺរ៉ុប ហើយកម្ពុជាក៏មាននាំភ្ញៀវជាកញ្ចប់ទៅទស្សនាប្រទេសគេវិញដែរដូចជាទៅឌុយបៃ ទៅប្រទេសថៃ ជាដើម។
បើតាមបណ្តាអ្នកជំនាញទេសចរណ៍ ក៏ដូចក្រុមហ៊ុនការីទេសចរណ៍ បានលើកឡើងថា ការបើកប្រទេសវិញរបស់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១នោះ បានធ្វើឲ្យការីទេសចរណ៍មានទំនុកចិត្តផ្សព្វផ្សាយដល់ដៃគូ និងភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា ខណៈការទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជាគឺត្រូវបានពេលយូរដើម្បីឈានរកត្រឡប់មកភាពដើមវិញ។
របាយការណ៍ក្រសួងទេសចរណ៍ បានឲ្យដឹងថា បច្ចុប្បន្នមានក្រុមហ៊ុនការីទេសចរណ៍ចំនួន ៣៦ក្រុមហ៊ុន បានចុះបញ្ជីធ្វើអាជ្ញាបណ្ណបើកអាជីវកម្មជាការីទេសចរណ៍ជាមួយនឹងការលើកលែងពន្ធ និងការបង់ថ្លៃសេវារដ្ឋនានាទៀត ។
របាយការណ៍ បញ្ជាក់ថា ចាប់តាំងពីរាជរដ្ឋាភិបាលបានប្រកាសបើកប្រទេសរហូតមកដល់រហូតដើមខែកុម្ភៈឆ្នាំ២០២២នេះ មានទេសចរក្នុងស្រុកចេញដើរប្រមាណជាងជាង ៤លាននាក់ គឺមានភ្ញៀវដើរតាមកញ្ចប់ទេសចរណ៍ក្នុងមានប្រមាណ៣០៧៤នាក់៕ អត្ថបទ ស៊ុម សុខជា