នៅប្រទេសចិន នាថ្ងៃអង្គារ (ទី១៨ ខែវិច្ឆិកា) នេះ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់ លោក Lars Klingbeil បានពិភាក្សា អំពីបញ្ហាទំនិញផ្គត់ផ្គង់ទីផ្សារលើសចំណុះ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក នៅទីក្រុងប៉េកាំង ហើយបានសង្កត់ធ្ងន់ថា សហភាពអឺរ៉ុប (EU) នឹងចាត់វិធានការ ប្រសិនបើដំណោះស្រាយមិនត្រូវបានរកឃើញទេនោះ។
លោក Klingbeil បាននិយាយថា៖ «ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ថា ប្រសិនបើចាំបាច់ ការសម្រេចនឹងត្រូវបានធ្វើឡើង នៅកម្រិតអឺរ៉ុប ដើម្បីការពារទីផ្សាររបស់យើងឲ្យកាន់តែប្រសើរឡើង។ ខ្ញុំចង់បញ្ចៀសវិធានការនោះ ប៉ុន្តែនៅទីបញ្ចប់ អឺរ៉ុប ក្នុងនោះរួមទាំងអាល្លឺម៉ង់ផងដែរ មិនត្រូវបានទុកចោលដោយមិនអើពើនោះឡើយ»។
នៅថ្ងៃទី២ របស់លោក ក្នុងប្រទេសចិន លោក Klingbeil បានពិភាក្សាអំពីការផ្គត់ផ្គង់ទំនិញលើសចំណុះ កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់-ចិន នៅក្នុងអង្គការពហុភាគី និងសង្រ្គាម នៅអ៊ុយក្រែន អំឡុងកិច្ចសន្ទនាបក្សនយោបាយ ក្នុងទីក្រុងប៉េកាំង។
នៅពេលត្រូវបានសួរអំពីការខ្វែងគំនិតគ្នារបស់ EU លើទំនាក់ទំនងជាមួយចិន លោក Klingbeil បាននិយាយថា ការសម្របសម្រួល ក្នុងចំណោមបណ្តាប្រទេសអឺរ៉ុប គឺជាគន្លឹះ ហើយថា លោកបានធ្វើទំនាក់ទំនងជាមួយសហសេវិករបស់លោក នៅក្នុងប្លុកនេះ មុនពេលមានការធ្វើដំណើររបស់លោក៕