នាយកដ្ឋានរដ្ឋអាជ្ញានៃប្រទេសបែលហ្ស៊ិក នាថ្ងៃអង្គារ (ទី១៨ ខែវិច្ឆិកា) បានឲ្យដឹងថា មនុស្ស ៨នាក់ មកពីក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងករណីអាចជាផែនការធ្វើឃាតប្រធានរដ្ឋអាជ្ញាទីក្រុងប្រ៊ុចសែល។
ស្ថាប័ននេះបានឲ្យដឹងថា ការចាប់ខ្លួនត្រូវបានធ្វើឡើងនៅថ្ងៃអង្គារនេះ បន្ទាប់ពីការឆែកឆេរលើទីតាំងចំនួន ១៨កន្លែង ដែលភាគច្រើននៅក្នុងទីក្រុងប៊្រុចសែល។
រដ្ឋអាជ្ញាបែលហ្ស៊ិកបានប្រាប់ឲ្យដឹងថា៖ «នៅខែកក្កដា ឆ្នាំ២០២៥ នេះ ការិយាល័យរដ្ឋអាជ្ញា ត្រូវបានជូនដំណឹងដោយនគរបាលក្រុងប្រ៊ុចសែល អំពីផែនការមួយ ដែលមានបំណងសម្លាប់ប្រធានរដ្ឋអាជ្ញា នៅទីក្រុងប៊្រុចសែល។ ជនសង្ស័យសំខាន់ៗ ហាក់ដូចជាមានប្រវត្តិប្រព្រឹត្តឧក្រិដ្ឋកម្ម ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនដែលមានក្រុមគ្រប់គ្រង ហើយប្រហែលជាមានពាក់ព័ន្ធជាមួយក្រុមឧក្រិដ្ឋជនអាល់បានី»។
គួរបញ្ជាក់ថា ទីក្រុងប្រ៊ុចសែលត្រូវបានញាំញីដោយអំពើហិង្សាដែលទាក់ទងនឹងក្រុមឧក្រិដ្ឋជនគ្រឿងញៀន ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយក្រុមមន្ត្រី បាននិយាយថា បណ្តាញឧក្រិដ្ឋកម្មដ៏គ្រោះថ្នាក់បំផុតរបស់អឺរ៉ុបចំនួនជាង ១០០ ប្រតិបត្តិការនៅក្នុងប្រទេសបែលហ្សិក។
កាលពីខែកុម្ភៈឆ្នាំនេះ អាជ្ញាធរត្រូវបិទស្ថានីយរថភ្លើងក្រោមដីជាច្រើន នៅទីក្រុងប្រ៊ុចសែល ខណៈដែលពួកគេបានតាមប្រមាញ់ជនសង្ស័យ ២នាក់ បន្ទាប់ពីមានការបាញ់ប្រហារដែលពាក់ព័ន្ធនឹងអ្នកជួញដូរគ្រឿងញៀន៕