មន្ត្រីជាន់ខ្ពស់ចិន និងជប៉ុន កាលពីថ្ងៃអង្គារ១៨វិច្ឆិកាសប្ដាហ៍នេះ បានជួបពិភាក្សាគ្នា ដើម្បីបន្ធូរបន្ថយភាពតានតឹង បន្ទាប់ពីការលើកឡើងរបស់នាយករដ្ឋមន្ត្រីជប៉ុនលើបញ្ហាកោះតៃវ៉ាន់ បានបង្កឱ្យមានការរិះគន់ពីទីក្រុងប៉េកាំង ។

កាលពីថ្ងៃអង្គារដដែលនោះដែរ ចិន បានតវ៉ាយ៉ាងម៉ឺងម៉ាត់ម្តងទៀត ជាមួយជប៉ុន ជុំវិញការលើកឡើងខុសឆ្គងរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi លើបញ្ហាតៃវ៉ាន់ ជាមួយមន្ត្រីជាន់ខ្ពស់ជប៉ុនមួយរូប ដែលមកធ្វើទស្សនកិច្ច ហើយអ្នកនាំពាក្យក្រសួងការបរទេសចិន ក៏បានជំរុញឱ្យភាគីជប៉ុន ដកការលើកឡើងខុសឆ្គងរបស់ខ្លួន បង្ហាញការសោកស្ដាយ និងផ្លាស់ប្តូរទិសដៅ ដោយផ្តល់ចម្លើយច្បាស់លាស់ និងជាទីពេញចិត្តដល់ប្រជាជនចិន។
លោក Masaaki Kanai ប្រធានកិច្ចការអាស៊ី និងមហាសមុទ្រនៃក្រសួងការបរទេសជប៉ុន បានជួបពិភាក្សាជាមួយសមភាគីចិន លោក Liu Jinsong នៅទីក្រុងប៉េកាំង។
លោកស្រីនាយករដ្ឋមន្ត្រីTakaichi បាននិយាយកាលពីថ្ងៃ៧វិច្ឆិកាថាសកម្មភាពយោធាណាមួយរបស់ចិនប្រឆាំងនឹងកោះតៃវ៉ាន់ រួមទាំងការបិទផ្លូវកងទ័ពជើងទឹក អាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជា "ស្ថានភាពគំរាមកំហែងដល់ការរស់រានមានជីវិត" ដែលអនុញ្ញាតឱ្យប្រទេសជប៉ុន អនុវត្តសិទ្ធិរបស់ខ្លួនក្នុងការការពារខ្លួនរួមគ្នា។ទីក្រុងប៉េកាំង បានរិះគន់សេចក្តីថ្លែងការណ៍នេះ ដោយជំរុញឱ្យទីក្រុងតូក្យូ ដកការលើកឡើងនេះ។បន្ទាប់ពីការលើកឡើងរបស់លោកស្រី អគ្គកុងស៊ុលចិនប្រចាំទីក្រុងអូសាកា លោក Xue Jian ក៏បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Xផងដែរ ថា លោកនឹង«កាត់សាច់ដុះជាប់កដ៏កង្វក់ចេញភ្លាមដោយគ្មានការស្ទាក់ស្ទើរ» ដែលបង្កឱ្យមានការតវ៉ាពីទីក្រុងតូក្យូ។
យោងតាមសារព័ត៌មាន Kyodo News ក្នុងអំឡុងពេលពិភាក្សាជាមួយលោក Liu លោក Masaaki បានតវ៉ាថ្មីមួយជាមួយទីក្រុងប៉េកាំងជុំវិញការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនោះ ដែលត្រូវបានលុបចោលចាប់តាំងពីពេលនោះមក៕

