ឧត្ដរមានជ័យ៖ អភិបាលខេត្តឧត្ដរមានជ័យ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី៣ និងទី៤ ឱ្យទៅចាក់ឱ្យបានគ្រប់ៗគ្នា ដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍ ទប់ទល់នឹងជំងឺកូវីដ-១៩ ពិសេសប្រភេទបំប្លែងថ្មី អូមីក្រុង។
ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈកម្មកាចំពោះកិច្ចការចាក់ វ៉ាក់សាំងខេត្ត បានឱ្យដឹងថា ខណៈពេលនេះ អូមីក្រុង ត្រូវបានរកឃើញក្នុងសហគមន៍ខេត្តជាប់ជាយដែនមួយនេះហើយ ដូច្នេះប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នបង្ការខ្លួនកុំឱ្យឆ្លង ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវិធានការសុខាភិបាល និងវិធានការបីកុំ បីការពារ ពិសេសគឺត្រូវទៅចាក់វ៉ាក់សាំងដូសជំរុញទី៣ និងទី៤ ឱ្យបានគ្រប់គ្នា បើម្បីបង្កើនអង់ទីគ័រក្នុងខ្លួនទប់ទល់នឹងមេរោគបំប្លែងថ្មីនេះ។
ឯកឧត្តម បានបញ្ជាក់ថា ក្រុមគ្រូពេទ្យ កំពុងរង់ចាំចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋគ្រប់ពេលវេលា នៅតាមទីតាំងដែលកំណត់រៀបចំរួចរាល់។ ឯកឧត្តម ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កាត់បន្ថយការជួបជុំដែលមានមនុស្សច្រើន ដែលមានចរិតជាការឆ្លងជំងឺកូវីដ-១៩៕អត្ថបទ៖ ឃិន សារិទ្ធ



